(ភ្នំពេញ)៖ តុលាការកំពូលបង្គាប់មកប្រធានពន្ធនាគារព្រៃសម១ ឲ្យនាំខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមសវនាការ នាព្រឹកថ្ងៃទី១០ ខែសីហាស្អែកនេះ ។
យោងតាមដីការបស់តុលាការកំពូល បង្ហាញថា លោក អ៊ុំ សំអាន ជាប់ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦»។
មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ គឺផ្តោតសំខាន់លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ដែលប្តឹងដោយលោក អ៊ុុំ សំអាន។
គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានមន្រ្តីសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប នាវេលាម៉ោងប្រមាណជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ហើយបានបញ្ជូនមកក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែរ។
លោក អ៊ុ សំអាន ត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ៕