(ព្រះវិហារ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ត្រូវបានលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានដឹកនាំក្រុមការងារយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រលំបាកចំនួន ២៣គ្រួសារ រស់នៅក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងពិធីនេះ និយាយរួមប្រជាពលរដ្ឋទូទាំងស្រុកឆែប ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ បានថ្លែងទៀតថា អំណោយថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលនាំយមកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ១បេ ស្មើ៣០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ភួយ១ និងថវិកាមួយចំនួនផងដែរ។
លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកឆែប ខេត្តព្រះវិហារ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីពេលថ្មីៗកន្លងនេះ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅទៀត។
លោកថ្លែងបន្តថា ជាមួយនឹងលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ លើ១២៥អាសនៈនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រ បានត្រាស់បង្គាត់ចាត់តាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ហ៊ុន សែន។ ករណីនេះ លោកក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅទៀត៕