(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវរហូតដល់ខេត្តសៀមរាប និងខេត្តព្រៃវែង ដើម្បីបង្ក្រាប និងឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាលើជនរងគ្រោះ (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី) ចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៣។
នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោម បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រោយទទួលបានបទបញ្ជានេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលការងារដឹកនាំការិយាល័យ សហការជាមួយកម្លាំង សមត្ថកិច្ចអធិការដ្ឋានខណ្ឌដូនពេញ, អធិការដ្ឋានស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអធិការដ្ឋានស្រុកកំចាយមារ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការសម្របសម្រួលផ្នែកច្បាប់ដោយតំណាង អយ្យការរាជធានី-ខេត្តទាំង២ បានធ្វើកាស្រាវជ្រាវរហូតតាមចាប់បានក្រុមសង្ស័យទាំងនេះតែម្តង។
សូមបញ្ជាក់ថា ករណីព្រួតគ្នាទាត់ធាក់ និងយកដបស្រាបៀរវាយក្បាលជនរងគ្រោះបណ្តាលឲ្យសន្លប់ បានកើតឡើងនៅមុខក្លឹបកំសាន្តមួយកន្លែង (នឹក-EX) តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួននៅចំណុចស្ពានកំពង់ក្ដី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប និងនៅស្រុកបំចាយមារ ខេត្តព្រៃវែង។
លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) អាយុ១៨ឆ្នាំ មុខរបរជាងសាក់រូប
*ទី២៖ ឈ្មោះ ពឿន ជីវ៉ា (ហៅទីង) អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ម៉េង លាងហេង (ហៅហ្គាន់) អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ សាន់ គីមហុង អាយុ១៨ឆ្នាំ មុខរបរអ្នករៀបចំតម្លើងឆាកតន្ត្រី។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នករៀបរោងការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ក្រុមជនសង្ស័យទាំង៤នាក់ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ពួកគេទាំង៤នាក់ ដែលជាមិត្តភ័ក្ត្រនិងគ្នា បានទៅផឹកស៊ីនៅក្លឺបកំសាន្ដ (នឹក-EX) ស្ថិតនៅតាមបណ្ដាយផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈនោះជនរងគ្រោះ និងមិត្តភ័ក្ត្រស្រី២នាក់ទៀត ក៏បានទៅផឹកស៊ីនៅក្លឹបកំសាន្ដ (នឹក-EX) នេះផងដែរ ដោយអង្គុយតុផ្សេង។
ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ពួកគេបានផឹកស្រាបៀរអស់ចំនួន២៤ដបរួចហើយ ក៏នាំគ្នាចេញមកខាងក្រៅក្លឹបដើម្បីជក់បារី ដោយឈ្មោះ វ៉ា និងឈ្មោះ ហេង (ហៅហ្គាន់) បានកាន់ដបស្រា បៀរម្នាក់១ដប (ដបទទេ) ចំណែកឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) ឈ្មោះ ហុង និងឈ្មោះ ដា មិនមានកាន់អ្វីនោះទេ។
ពេលកំពុងជក់បារី ក្រុមជនសង្ស័យ បានឃើញស្រីៗមួយក្រុមកំពុងឈ្លោះវាយតប់គ្នា ស្រាប់តែជនរងគ្រោះ បានដើរចេញពីក្នុងក្លឹបមកដែរ និងនៅខាងមុខជនសង្ស័យឈ្មោះ វ៉ា ដោយដៃមានកាន់ដបស្រាបៀរផងនោះ បានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកដបស្រាបៀរ ហើយជនរងគ្រោះក៏បានដួលទៅលើថ្នល់។
ភ្លាមៗនោះបក្ខខ្លួនឈ្មោះ ហេង (ហៅហ្គាន់) បានស្ទុះចូលទៅជួយវាយជនរងគ្រោះនិងដបស្រាបៀរបន្ថែមទៀត ហើយបក្ខពួកម្នាក់ទៀតឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) ក៏បានដោះខ្សែក្រវ៉ាត់ពីចង្កេះ និងរត់ចូលទៅរើសអំបែង ដបស្រាបៀរដែលបែក ដើម្បីវាយហើយវាយបន្ថែមទៀតទៅលើជនរងគ្រោះ រហូតបណ្ដាលឲ្យជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង (ហៅហុង) រងរបួសយ៉ាងធ្ងន់ធ្ងរ និងសន្លប់លែងដឹងខ្លួន។
ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ដា មិនបានចូលរួមធ្វើសកម្មភាពវាយលើជនរងគ្រោះឡើយ។ បន្ទាប់ពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលសន្លប់បាត់ស្មារតីរួចហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះដោយបញ្ជូនទៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងបន្ថែមទៀតថា សម្រាប់ជនសង្ស័យទាំង៤នាក់នេះ ការិយាល័យជំនាញ បាននិងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕