(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្ដីពី វិធានការទប់ស្កាត់ការជួញដូរមនុស្ស និងចំណាកស្រុក ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ។
លោក ស្រី ខាំ សុភាព បានបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលនាពេលនេះមានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ លើការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាម ប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្ដាលនេះ ក៏នឹងធ្វើការពង្រឹងបន្ថែមទៅដល់អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ឲ្យបាននូវបញ្ហាទាំងអស់នេះ ឲ្យឆ្លើយតបចំពោះហានិភ័យ និងទម្រង់ពាក់ព័ន្ធទាំងនោះ វិធានសុវត្ថិភាពចំពោះកុមារ តាមប្រព័ន្ធអនឡាញ Blocking, Filtering, Reporting វិធានការបង្ការ ទប់ស្កាត់ផ្សេងៗទៀត»។
លោកស្រី បញ្ជាក់ទៀតថា អំពើជួញដូរមនុស្សគឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ក្នុងនោះកម្ពុជារបស់យើងក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។
បន្ទាប់ពីកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ដើម្បីធានាការអភិវឌ្ឍន៍ផ្តល់ការងារសមស្រប សមភាព ប្រសិទ្ធភាព និងធានាឱ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦ -២០៣០ រួមទាំងបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលដល់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តរួមទាំងគោលនយោបាយ និងផែនការសកម្មភាពលើការងារពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកុមារ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ដល់កុមារ។
លោកស្រីអភិបាលរង បានបន្តថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួននៅឡើយដូចជា អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចការជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន កុមារបម្លាស់ទី កុមាររងផល ប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះហារូបត្ថម្ភជាដើម និងកុមាររងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដែលជាប្រព័ន្ធផ្តល់សេវាកម្មតាមបច្ចេកវិទ្យាកំពុងពេញនិយមដែលផ្តល់នូវទាំងផលវិជ្ជមាន និងផលអវិជ្ជមានផងដែរ។ បញ្ហាទាំងនេះគឺតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោដៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕