(តាកែវ)៖ លោក ញឹម ស្រន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានស្នើសូមឲ្យកសិករចូលរួមសហការ ជាមួយមន្រ្តីជំនាញផ្សព្វផ្សាយកសិកម្ម ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការចូលរួមរបស់ក្រុមហ៊ុនឯកជនលើការ អភិវឌ្ឈវិស័យកសិកម្ម សំដៅជួយដល់កសិករទទួលបានប្រាក់ចំណេញ ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏ទទួលបានឱកាសផ្ដល់ជី ដល់កសិករ ហើយលោក ក៏សំណូមពរដល់អាជីវករ អ្នកលក់ធាតុចូលកសិកម្ម ទាំងអស់នៅក្នុងខេត្ត សូមចូលរួមសហការជាមួយមន្រ្តីជំនាញឲ្យបានល្អ រាល់ការធ្វើអាជីវកម្មត្រូវមានលិខិតអនុញ្ញាត ឲ្យបានត្រឹមត្រូវ។
ការស្នើបែបនេះ ធ្វើឡើងក្នុងទិវាស្រែបង្ហាញការដាំដុះដំណាំ ស្រូវប្រាំងដើមរដូវវស្សា តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ ដែលរៀបចំធ្វើឡើង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើដីស្រែកសិករ ហ៊ុន សារ៉ុម ស្ថិតនៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក ញឹម ស្រន់ និងអ្នកឧកញ្ញា សុខ ឆេង អគ្គនាយករងក្រុមហ៊ន យី តាក់ គ្រុប ព្រមទាំងមានការចូលរួម ពីតំណាងក្រុមហ៊ុនជីសញ្ញាក្បាលក្របី នៃប្រទេសវៀតណាម។
លោក ផាន់ វ៉ាន តាំ អគ្គនាយកទីផ្សារក្រុមហ៊ុនសញ្ញាក្បាលក្របី នៃប្រទេសវៀតណាម បានគូសបញ្ជាក់ថា ក្រុមហ៊ុនសញ្ញាក្បាលក្របីនៃប្រទេសវៀតណាម និងក្រុមហ៊ុន សៃហ្គន គីម ហុង ផលិតឧបករណ៍អូស ដាំស្រូវជាជួរ ជាគុម្ព បានសហការជាមួយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងក្រុមហ៊ុន យី តាក់ គ្រុប បានចូលរួមសហការគ្នាដើម្បីធ្វើស្រែបង្ហាញ ដែលទាក់ទងទៅនឹងកសិកម្មឆ្លាតវៃ ពោលគឺការកាត់បន្ថយថ្លៃដើមផលិត និងទទួលបានប្រាក់ចំណេញច្រើន តាមរយៈប្រើប្រាស់ជីសញ្ញាក្បាលក្របី ពោល គឺជីសញ្ញាក្បាលក្របី កសិករនៅប្រទេសកម្ពុជាបានប្រើប្រាស់លើវិស័យកសិកម្មរយៈពេល ២០ឆ្នាំកន្លងមកហើយ។
លោក ផាន់ វ៉ាន តាំ បន្ដថា ការធ្វើស្រែបង្ហាញនេះ ដើម្បីជាការសាកល្បងមួយក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ ដើម្បីឈានទៅធ្វើស្រែបង្ហាញជាច្រើនកន្លែងទៀត ក្នុងនោះ ក៏បាននាំយកបច្ចេកទេសកសិកម្មពីប្រទេសវៀតណាម ដែលទទួលបានជោគជ័យពីប្រទេសវៀតណាមមកកម្ពុជា ខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីបង្កើនជីវភាព ក្រោយពីបញ្ចប់ទិវាស្រែនេះ ដើម្បីយកទៅអនុវត្តបន្ត។
តាមរយៈការធ្វើស្រែបង្ហាញនេះ មានធ្វើបង្ហាញនៅខេត្តគោលដៅចំនួន៣ទៀតគឺ ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និងខេត្តបាត់ដំបង លោក ផាន់ វ៉ាន តាំ បានបញ្ជាក់បន្ថែមថា មុនសាកល្បងធ្វើស្រែបង្ហាញ កសិកម្មវៃឆ្លាតនេះ ក្រុមហ៊ុនក៏បានយកសំណាកដីស្រែទៅពិនិត្យមើល បន្ទាប់មកសាកល្បងប្រើប្រាស់ពូជ ជី ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាម បច្ចេកវិទ្យាទំនើបសំដៅកាត់បន្ថយថ្លៃដើមផលិត តាមរយៈការធ្វើស្រែបង្ហាញលើដីកសិករ នូវបច្ចេកវិទ្យាកសិកម្មទំនើប បង្ហាញឲ្យកសិករក្នុងតំបន់យល់ដឹងពីការប្រើប្រាស់ជីសញ្ញាក្បាលក្របី ដែលមានគុណភាពក្នុងការធ្វើកសិកម្មឆ្លាតវៃ។
ខណៈនោះដែរ លោក ហ៊ុន សារ៉ុម កសិករម្ចាស់ស្រែ បានធ្វើបទបង្ហាញដើម្បីប្រៀបធៀបប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងដំណើរការរវាងការធ្វើស្រែតាមវិទ្យាសាស្រ្តកសិកម្មវៃឆ្លាត ដោយប្រើប្រាស់ជីសញ្ញាក្បាលក្របី និងការធ្វើស្រែតាមទម្លាប់របស់កសិករ។ តាមទម្លាប់គាត់ប្រើប្រាស់ពូជសម្រាប់ស្រែពង្រោះ ១ហិកតាស្មើ ២០០គីឡូក្រាម បច្ចុប្បន្នតាមរយៈការធ្វើស្រែបង្ហាញនេះ គាត់ប្រើប្រាស់ពូជស្រូវត្រឹមតែ ១២០គីឡូក្រាម គ្រាប់ប៉ុណ្ណោះ សម្រាប់ព្រោះដីស្រែ ១ហិកតា ដោយប្រើប្រាស់ជីសញ្ញាក្បាលក្របីចំនួន ៦បាវតែប៉ុណ្ណោះ បើគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចឃើញថា យើងប្រើប្រាស់ថ្លៃដើមផលិតអស់តិច និងទទួលបានទិន្នផល ខ្ពស់។
លោក ញឹម ស្រន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសំដែងនូវការគាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ពិសេសក្រុមហ៊ុនជីសញ្ញាក្បាលក្របី ដែលបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការពិសោធន៍សាកល្បងធ្វើស្រែបង្ហាញ តាមវិធីសាស្រ្តកសិកម្មឆ្លាតវៃ ដើម្បីរកផលចំណេញ និងស្វែងរកប្រសិទ្ធភាពសេដ្ឋកិច្ច រកផលចំណេញ ស្របតាមគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ឲ្យនៅកម្រិតទាប និងទទួលបានទិន្នផលខ្ពស់ ក្នុងគោលបំណងសំខាន់ការអភិវឌ្ឍ វិស័យកសិកម្មកាន់តែប្រសើរឡើង ទាំងទិន្នផល គុណភាពរួមនឹងផលចំណេញ។
លោកថា អ្វីដែលជាបញ្ហា គឺកសិករនៅតែបន្តការធ្វើស្រែតាមទម្លាប់ ការប្រើប្រាស់ពូជច្រើន ប្រើប្រាស់ពូជមិនសុទ្ធ ការប្រើប្រាស់ជីមិនបានត្រឹមត្រូវ ទាំងនេះហើយជាការចំណាយ ថ្លៃដើមផលិតច្រើន ដូច្នេះហើយមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការសហការជាមួយដៃគូធ្វើស្រែធំៗ ឬកសិករដែលមានផ្ទៃដីដាំដុះធំ ដើម្បីធ្វើបង្ហាញដល់កសិករនៅក្នុងតំបន់ ឲ្យពួកគាត់មានការស្វែងយល់ពីការធ្វើកសិកម្មឆ្លាតវៃ ដោយចំណាយថ្លៃដើមផលិត និងទទួលបានទិន្នផលខ្ពស់៕