(ភ្នំពេញ)៖ បើទោះបីកំពុងមមាញឹកនឹងកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ីយ៉ាងណាក្តី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតដោះ​ស្រាយ​បញ្ហា ដែលជាសំណូមពររបស់ព្រះសង្ឃ និងប្រជាពលរដ្ឋពាក់ព័ន្ធផ្លូវចូលទៅទួលព្រះធាតុ ស្ថិត​នៅ​ក្នុងភូមិតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ទួលព្រះធាតុ គឺជាទីទួលបុរាណកន្លែងគោរពប្រណិប័តន៍សាសនា និងជំនឿមួយរបស់ប្រជា​ពល​រដ្ឋក្នុងឃុំព្រែកអញ្ចាញ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ទីទួលបុរាណមួយនេះ មាន​ដើមពោធិ៍មួយដើមយ៉ាងធំ ត្រូវបានគេវាយតម្លៃថាមានអាយុកាលប្រមាណជា១ពាន់ឆ្នាំ។ ដើម​ពោធិ៍មួយដើមនេះ បែកមែកត្រសាយត្រសុំចោលម្លប់យ៉ាងត្រឈឹងត្រឈៃ។ ក្រៅពី​នោះ ព្រះ​សង្ឃ​ក៏បានរៀបចំជាទីសក្ការៈបូជាសម្រាប់ការគោរពប្រណិប័តន៍ទាំងខាងព្រះពុទ្ធ​សាស​នា និង​ព្រហ្មញ្ញសាសនា។

លោក ឡេង ប៊ុនលីម អាយុ ៧០ឆ្នាំ រស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា ចាប់តាំងពីលោកដឹងក្តីមក គឺបានឃើញទីទួលបុរាណ រួម​ជា​មួយដើមពោធិ៍ដ៏ធំ។ លោក ប៊ុនលីម បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋនៅឃុំព្រែក​អញ្ចាញ​តែង​​​មក​​ប្រណិប័តន៍ជំនឿ ក៏ដូចជាបួងសួងបន់ស្រន់ពេលមានអាសន្នផ្សេងៗ។

លោក ឡេង ប៊ុនលីម ក៏បានឱ្យដឹងទៀតថា ទីទួលព្រះធាតុ ក៏ជាកន្លែងជួបជុំរបស់ប្រជាពល​រដ្ឋ​រួម​​គ្នាប្រារព្ធពិធីបុណ្យទាន និងពិធី​ជា​​ប្រពៃ​​ណីទំនាមទម្លាប់ដទៃទៀតជាហូរហែ។

ទួលព្រះធាតុស្ថិតមិនឆ្ងាយនោះឡើយពីរាជធានីភ្នំពេញ។ ទួលជាទីសក្ការៈបូជារបស់ប្រជាពល​រដ្ឋនេះ ស្ថិតនៅស្ពានទី១២ ហើយចុះពីផ្លូវជាតិលេខ៦អា ត្រឹមតែប្រមាណពីរគីឡូម៉ែត្រ​ប៉ុណ្ណោះ​។ តែអ្វីជាផលលំបាកសម្រាប់ចូលទៅកាន់ទួលបុរាណមួយនេះ គឺផ្លូវធ្វើដំណើរ។ បច្ចុប្បន្នទួល​ព្រះធាតុ ត្រូវបានហ៊ុមព័ទ្ធដោយដីដែលជាកម្មសិទ្ធិឯកជន ដូច្នេះបើប្រជាពលរដ្ឋចង់ចូលទៅ​កាន់​ទីទួលនេះ ត្រូវសុំគេធ្វើដំណើរចូលទៅ។

ដោយជួបការលំបាកបែបនេះ ព្រះតេជគុណ ពៅ ពិសិដ្ឋ ដែលគង់ថែទាំនៅទីទួលបុរាណខាង​លើ​ បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាច្រើនលើកច្រើនសារតែមិនទទួលបានផល​។ ថ្មីៗនេះ ព្រះតេជគុណ ពៅ ពិសិដ្ឋ ដែលបាននិមន្តមកគង់នៅទីទួលព្រះធាតុ​៥ព្រះវស្សា​មក​ហើយ​នោះ ក៏បានសម្រេចធ្វើវីដេអូអំពាវនាវឆ្ពោះត្រង់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យជួយ​រកដំណោះស្រាយ និងសង់ផ្លូវចូលទៅកាន់ទីទួលបុរាណនេះ។

សារ​សំណូមពររបស់ព្រះតេជគុណ ពៅ ពិសិដ្ឋ បង្ហោះទៅត្រឹមតែរយៈពេលមួយថ្ងៃ និងមួយយប់​ ក៏បានដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ទោះបីកំពុងជាប់ការងារក្នុងកិច្ចប្រជុំកំពូល​អា​ស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ីយ៉ាងណាក្តី សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ណែ​នាំ​ឱ្យអភិបាល​ខេត្ត​​កណ្តាល លោក គង់ សោភ័ណ ចុះសិក្សាសម្របសម្រួលសង់ផ្លូវជូន​ប្រជា​ពល​រដ្ឋ​​ធ្វើដំណើរចូលទៅកាន់ទួលជាទីគោរពសក្ការៈខាងលើនេះ។

នៅថ្ងៃទី៤ ខែកញ្ញា លោក គង់ សោភ័ណ បានចុះទៅដល់ទួលព្រះធាតុ និងជួបសម្របសម្រួល​ជា​មួយម្ចាស់ដីនៅជុំវិញទួល ព្រមទាំងពិភាក្សាជាមួយអាជ្ញាធរស្រុក ដើម្បីសាងសង់ផ្លូវ។

បើតាមអាជ្ញាធរតម្រាយផ្លូវចូលទៅកាន់ទួលព្រះធាតុ មានប្រវែងជិត ២គីឡូម៉ែត្រ។ ក្នុងនោះដី​ជិត ១គីឡូម៉ែត្រ ជាផ្លូវរដ្ឋដែលមានស្រាប់ ដោយឡែកដីជាង ១គីឡូម៉ែត្រទៀត ជាដីកម្មសិទ្ធិ​ឯកជនចំនួន៣ម្ចាស់ រួមមានលោក ងួន ស៊ាង, លោកស្រី ង៉ូវ ប៉ុក និងលោកស្រី ស្រេង ផេក​គាង។ ក្រោមកិច្ចសម្របសម្រួលរបស់អភិបាលខេត្តកណ្តាល ម្ចាស់ដីទាំង៣រូប បានយល់ព្រម​បរិច្ចាគដីជូនអាជ្ញាធរ ដើម្បីសង់ផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរចូលទៅទួលព្រះធាតុ។

បន្ទាប់ពីបានសម្របសម្រួលហើយនោះ លោក គង់ សោភ័ណ ក៏បានណែនាំ និងចាត់ចែងឱ្យ​គ្រឿង​​ចាក់ចូលត្រួសត្រាយ និងចាក់ដីសាងសង់ក្នុងពេលឆាប់ៗនេះតែម្តង។ ផ្លូវនេះ នឹងសាង​សង់ដោយមានទទឹងផ្លូវរហូតដល់ទៅ៧ម៉ែត្រ។

លោក សោម ផល្លា អភិបាលរងស្រុកមុខកំពូល ក្នុងនាមជាអាជ្ញាធរស្រុកបានបង្ហាញអារម្មណ៍​រីករាយ និងត្រេកអរនៅពេលទទួលបានការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់ក្នុងការ​សាងសង់ផ្លូវជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរបែបនេះ។ បើតាមលោក ផល្លា បានឱ្យដឹងថា អភិបាលខេត្តនឹងសាងសង់ជាផ្លូវបេតុង ហើយបំពាក់ភ្លើងសឡាជូនប្រជាពលរដ្ឋថែមទៀតផង។

លោក គង់ សោភ័ណ បានប្រាប់ Fresh News តាមទូរស័ព្ទថា ជំហានដំបូងនេះ លោកឱ្យ​សាងសង់ផ្លូវតភ្ជាប់ពីផ្លូវមានស្រាប់ ចូលទៅទួលព្រះធាតុឱ្យធ្វើធ្វើដំណើរបានសិន បន្ទាប់មកបន្ត​សង់លើផ្លូវមានស្រាប់រហូតដល់ទៅផ្លូវជាតិតែម្តង។

បន្ទាប់ពីទទួលការអន្តរាគមន៍យ៉ាងឆាប់រហ័សពីប្រមុខរាជរដ្ឋាភិបាលបែបនេះ ទាំងព្រះតេជ​គុណ ពៅ ពិសិដ្ឋ ព្រមទាំងប្រជាពលរដ្ឋដែលតែងតែចេញធ្វើបុណ្យទាន និងគោរពប្រណិប័តន៍​សាសនានៅទួលព្រះធាតុ បានសម្តែងព្រះទ័យ និងទឹកចិត្តត្រេកអររីករាយជាខ្លាំង។ ព្រះតេជ​គុណ ពៅ ពិសិដ្ឋ និងប្រជាពលរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តគិតគូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើសុខទុក្ខ ក៏ដូចជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅតំបន់ព្រៃស្ពឺកាល​ពីថ្ងៃ​ទី​​២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្តេច​នឹង​បង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ វិធានការនេះ បានធ្វើឱ្យប្រជាពលរដ្ឋសាទរ និងពេញចិត្តជាខ្លាំង៕