(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង លោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា។
លើសពីនោះលោក SANUI Kazumasa បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយជំរុញការអនុម័តគម្រោងហិរញ្ញប្បទានអភិវឌ្ឍមន្ទីរពេទ្យតំបន់ ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលររួចមកហើយ។
ក្នុងឱកាសនោះ លោក SANUI Kazumasa ក៏បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្ត ពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងបានរាយការណ៍ អំពីកិច្ចសហប្រតិបត្តិការ ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ និងបានស្នើសុំអនុសាសន៍ណែនាំបន្ថែម ពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តទៀត។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ JICA ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ឱ្យមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណង ដល់វិស័យសុខាភិបាល ដូចជា សាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សុខភាពបន្តពូជ សុខភាពផ្លូវភេទ ការអភិវឌ្ឍធនធានមនុស្ស ដែលបាននឹងកំពុងជួយជាបន្ត ព្រមទាំងបានលើកឡើងនូវគម្រោងកម្ចីហិរញ្ញប្បទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ ដើមី្បកាត់បន្ថយគម្លាតសេវាសុខភាពរវាងរាជធានី និងខេត្ត។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារៈបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក និងការប្រយុទ្ធនឹងនិងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។
លោកសាស្ត្រាចារ្យក៏បានថ្លែងអំណរគុណ ដល់អង្គការ JICA ជាពិសេស លោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕