(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រព្រុយណេ មានបំណងបង្កើនសហប្រតិបត្តិការលើវិស័យជាច្រើនមានដូចជា វិស័យការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងកសិកម្មជាដើម។
បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយព្រះចៅស៊ុលតង់ នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងជំនួបខាងលើនេះ សម្តេចធិបតី បានបង្ហាញការស្វាគមន៍ និងបាននាំយកការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយព្រះចៅស៊ុលតង់ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជាពិសេសក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។
ព្រះចៅស៊ុលតង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងបានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាងព្រះអង្គ និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
នៅក្នុងជំនួបនោះ សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលវេលាដ៏សមគួរណាមួយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយកការអញ្ជើញនោះ ហើយក៏បានយាងព្រះចៅស៊ុលតង់ បំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជាវិញផងដែរ៕