(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) ទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥,០៦០ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១២,៣៥៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបសរុប ៥,០៦០ករណី ឃាត់ខ្លួន ១២,៣៥៦នាក់ (ស្រី៨០៦នាក់, ជនបរទេស២៥៤នាក់ ស្រី២០នាក់ មាន១៣សញ្ជាតិ) ក្នុងនោះ៖
១៖ ករណីជួញដូរគ្រឿងញៀនចំនួន ៦៩៤ករណី ឃាត់ខ្លួន ១,៥២៣នាក់(ស្រី១៥៩នាក់)។
២៖ ករណីប្រើប្រាស់គ្រឿងញៀន ១,៧៩៦ករណី ឃាត់ខ្លួន ៦,០១៨នាក់ (ស្រី៣០០នាក់)។
៣៖ ករណីផលិត កែច្នៃ ចំនួន ៩ករណី ឃាត់ខ្លួន ២៧នាក់ (ស្រី៤នាក់)
៤៖ ករណីបើកបរក្រោមឥទ្ធិពល ៤ករណី ឃាត់ខ្លួន ៦នាក់
៥៖ ករណីចាត់ចែង សម្រួល ២០ករណី ឃាត់ខ្លួន ៥២នាក់ (ស្រី៤នាក់) និងដាំដុះ១៥ករណី ឃាត់ខ្លួន ១០នាក់។
ការបង្រ្កាបរយៈពេល៨ខែមកនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង ២តោន ៦២៥គីឡូក្រាម និងកញ្ឆាសួតជាង ៤៣គីឡូក្រាម និងសារធាតុគីមីជាង ៨៣៧គីឡូក្រាម។ សម្ភារដែលត្រូវបាន ឃាត់រួមមាន៖ រថយន្ដ ១០៥គ្រឿង, ម៉ូតូ ១,១៤២គ្រឿង, ទូរស័ព្ទចំនួន ៣,៥១៨គ្រឿង, ជញ្ជីងចំនួន ២៥៧គ្រឿង, អាវុធខ្លីចំនួន ២៥ដើម និងអាវុធវែងចំនួន ៣០ដើម (កែច្នៃ២៨ដើម)៕