(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីរាជការនៃនាយកដ្ឋានផ្លូវលំជនបទត្រូវសិក្សាពីបច្ចេកទេស និងបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់មុននឹងស្ថាបនាផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវដែលបានស្ថាបនារួច មានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានផ្លូវលំជនបទ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោក គង់ ភឿន ទីប្រឹក្សាក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋាន បានរាយការណ៍ជូនលោករដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពការងារ និងសមិទ្ធផល និងទិសដៅបន្តរបស់នាយកដ្ឋានជូនលោករដ្ឋមន្ត្រី។ យោងតាមរបាយការណ៍ លោករដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានដែលសម្រេចបាន។
លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានផ្លូវលំជនបទដូចខាងក្រោម៖
១. ផ្អែកសមិទ្ធផល និងទិសដៅដែលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជំរុញ បង្កើត និងបង្កើន សមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងត្រូវពង្រឹងលើយុទ្ធនាការត្រួតពិនិត្យគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២. ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់មុននឹងស្ថាបនាផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យផ្លូវដែលបានស្ថាបនារួច គឺមានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
៣. តាមគោលនយោបាយថ្មី ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ការអភិវឌ្ឍត្រូវជំរុញទៅតំបន់ណាដែលមានសក្តានុពលខ្ពស់ តំបន់ណាដែលមានការចាំបាច់ខ្ពស់សម្រាប់ការអភិវឌ្ឍ។
៤. ការធ្វើលទ្ធកម្ម ត្រូវធ្វើដោយតម្លាភាព និងស្របតាមនីតិវិធី។
៥. ត្រូវរៀបចំការបណ្តុះបណ្តាលមន្ត្រីជំនាញ ត្រួតពិនិត្យនូវជំនាញបច្ចេកទេសបន្ថែមជូនដល់មន្ត្រី ដើម្បីឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព។
៦. ពិនិត្យលទ្ធភាពក្នុងការធ្វើប្រតិភូកម្មការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវជូនបណ្តាខេត្តដែលមានសមត្ថភាព និងមានមន្រ្តីជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រង។
៧. សូមឱ្យនាយកដ្ឋានសិក្សាអំពីការដាក់ខេត្តខ្សែផ្លូវជនបទដែលមានស្រាប់ និងកំពុងស្ថាបនា។
៨. ពង្រឹងការងារមន្ទីរពិសោធន៍ ក្នុងការត្រួតពិនិត្យសម្ភារៈវត្ថុធាតុដើមដែលត្រូវយកមកស្ថាបនាផ្លូវ និងសំណង់សិល្បការ្យឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងសិក្សារកវត្ថុធាតុដើមថ្មីៗដែលមានគុណភាពក្នុងការយកប្រើប្រាស់ក្នុងពេលខាងមុខ។
៩. ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើជាសេនាធិការក្រសួងក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។នាយកដ្ឋានត្រូវរៀបចំរបៀបរបបប្រជុំឱ្យបានទៀងទាត់ (ប្រចាំត្រីមាស ឆមាស) ដើម្បីតាមដានការអនុវត្តការងាររបស់នាយកដ្ឋាន។
១០. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
១១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
១២. ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ ពិសេសមន្រ្តីដែលមានជំងឺ ស្ត្រីមានផ្ទៃពោះ មន្ត្រីចូលនិវត្តន៍ និងលើកទឹកចិត្តតាមរយៈការកោតសរសើរ ការផ្តល់គ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃក្នុងក្រសួងកន្លងមក។
លោករដ្ឋមន្រ្តីក៏មានការផ្ដួចផ្ដើមគំនិតក្នុងការបង្កើត «សមាគមមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ» ក្នុងគោលបំណងរក្សាចំណងសាមគ្គីភាព និងមិត្តភាពផ្ទៃក្នុងផងដែរ៕