(ភ្នំពេញ)៖ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបង្ហាញជូនដល់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា អំពីការធ្វើទំនើបកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានលើការអភិវិឌ្ឍប្រព័ន្ធ ផ្សព្វ ផ្សាយសាធារណៈ ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ រួមទាំងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ក្នុងជំនួបដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី នេត្រ ភក្រ្ដា បានគូសបញ្ជាក់អំពីការធ្វើទំបើបកម្មរបស់ក្រសួងព័ត៌មាន ក្នុងការខិតខំប្រឹងប្រែងជារួមរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដែលរួមមានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបរបស់ខ្លួន។

លោករដ្ឋមន្ត្រី នេត ភក្ត្រា បានថ្លែងថា៖ «ការងារអាទិភាពដែលលោកនឹងត្រូវធ្វើការងារ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាពសំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»

លោករដ្ឋមន្រ្ដីបានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។
 
ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរាជទូតជប៉ុន អំពីគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលបានអនុវត្ដន៍ក្នុងអាណត្ដិទី៧នេះ និងបានផ្ដោតជាសំខាន់ទៅលើការដឹកនាំរបស់ក្រសួងព័ត៌មានដែលនឹងធ្វើទំនើបកម្ម ស្ថាប័ន និងរដ្ឋបាលទំនើប សំដៅដល់ការធ្វើទំនើបកម្មក្រសួងព័ត៌មាន៕