(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសាររំលែកទុក្ខ ជូនលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក ខោ វីរៈ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ ស ថេត មានខ្លឹមសារដូច្នេះថា៖ «តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំផ្ទាល់ មានសេចក្តីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ឧបាសក ខោ វីរៈ កាលពីថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:៥០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឧបាសក ខោ វីរៈ គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំ ប្រកបដោយព្រហ្មវិហារធម៌ ផ្ដល់ដំបូន្មានដល់កូន-ចៅ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូផងដែរ។
នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ រូបខ្ញុំ ព្រមទាំងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនសោកសង្រេង ប្រកបដោយក្តីសោកស្ដាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ខោវីរះ សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា»៕