(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៤ នឹងផ្តល់ឱកាសការងារចំនួន ២០៧កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «កិច្ចសម្ភាសការងារ» ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង៤ បានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance លើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុនចូលរួមជាមួយនឹង NEA ទាំងវេទិកាការងារ និងពិព័រណ៌ការងារថ្នាក់ជាតិដែលនឹងរៀបចំនាពេលខាងមុខនេះ។
តំណាងក្រុមហ៊ុន FWD រូបនេះ បន្តថា កញ្ញាពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង NEA ដោយសារតែ NEA មានបណ្តាញច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសបុគ្គលិក។ កញ្ញា ជឿជាក់ថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកទាន់តម្រូវការរបស់ក្រុមហ៊ុនដែលកំពុងតែមានការរីកចម្រើន។
កញ្ញា សូរសៀង សុម៉ាលី ក្រើនរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងអស់ថា ប្រសិនបើសិស្សនិស្សិត ឬអ្នកមានបំណងចង់ផ្លាសប្តូរការងារចង់បានឱកាសការងារ ជាមួយក្រុមហ៊ុន FWD អាចអញ្ជើញមកចូលរួមក្នុងកិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះបាន នឹងសូមកុំភ្លេចនាំយកនូវប្រវត្តិរូបមកជាមួយផង។
សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៤ នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ,ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី ,ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.។
ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕