(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចេញសេចក្តីសម្រេចមួយ ស្តីពីការកែសម្រួល និងទទួលស្គាល់សមាសភាព គណៈកម្មាធិការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាម ដែលសេចក្តីសម្រេចនេះ ត្រូវបានធ្វើពិធីប្រកាស ជាផ្លូវការ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។
ក្នុងនោះក៏មានអញ្ជើញចូលរួមជាកិត្តិយស ពីលោកស្រី ទាង អេង ទៀ សីហា តំណាងលោក ទៀ សីហា ឧបនាយកករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ។
សូមបញ្ជាក់ថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ទៀ សីហា អតីតអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានផ្ទេរភារកិច្ចនិងមុខតំណែង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា។
បន្ទាប់ពីស្តាប់របាយការណ៍លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អំពីសមិទ្ធិផលរយៈពេល៥ឆ្នាំ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រេចបានលើការងារ មនុស្សធម៌ ដែលផ្តោតសំខាន់លើវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្ត របស់កាកបាទក្រហមកម្ពុជា រួចមក លោកស្រី ពុំ ចន្ទីនី បានអានសេចក្តីសម្រេច ស្តីពីការកែសម្រួល និងទទួលស្គាល់សមាសភាពគណៈកម្មាធិការនៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាមអណត្តិទី៥ ។
ក្នុងជួរគណៈកម្មាធិការថ្មីនេះ មានលោក ប្រាក់ សោភ័ណ ជាប្រធាន ,លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធាន លោកស្រី សុខ ណារ៉ូ អនុប្រធាន លោកណម ពិសិដ្ឋ ហេរញ្ញិក លោក លី ប៊ុនណា លេខាធិការ លោកស្រី ខាញ់សិទ្ធនារី លោកស្រី លីដាណា, លោក ង៉ូវ សេងកាក់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ លោកស្រី ហោ សាយ័ន្ត លោក ចៅ មៅមុន្នី និងលោក នួន ពុទ្ធារ៉ា ជាសមាជិក ដោយឡែក លោក លី វណ្ណៈនិង លោកជំទាវ ថង អធិយា ជាសមាជិកបំរ៉ុង។
ក្រោយពិធីប្រគល់សេចក្តីសម្រេចនិងប្រគល់ត្រា ជូនរួចមក លោក ប្រាក់ សោភ័ណ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទើបតែងតាំងថ្មីបានសម្តែងនូវក្តីរីករាយបំផុត ដែលកាកបាទក្រហកម្ពុជាមានទំនុកចិត្តមកលើរូប លោក និងផ្តល់កិត្តិយសធំធេងតែងតាំង ជាប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជំនួសលោក ទៀ សីហា ដែលត្រូវទៅបំពេញភារកិច្ចក្នុងមុខ តំណែងថ្មីនៅថ្នាក់ជាតិ។
ជាមួយនេះលោកក៏បានសម្តែងនូវការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវ មហាកិត្តិយស ដល់រូបលោកផ្ទាល់ ក៏ដូចជាលោក លោកស្រី ជាគណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាបអណត្តិទី៥ទាំងអស់ បានបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមលើទឹកដីអង្គរ ដូចបណ្ដាសាខាទាំង២៤រាជធានី/ខេត្តទៀត នៅទូទាំងកម្ពុជាផងដែរ។
នៅក្នុងការទទួល ភារកិច្ចការកិច្ចនេះ លោកសន្យាថានឹងខិតខំប្រឹងប្រែង ពិចារណារិះរកនូវ វិធីសាស្ត្រថ្មីៗថែមទៀតរួមជាមួយក្រុមប្រតិបត្តិសាខា ដើម្បីជំរុញការងារលើវិស័យអាទិភាពទាំង៤ ក្នុងគោលដៅយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា បំពេញកកម្មមនុស្សធម៌ ឧត្តុង្គឧត្តមនេះ ឱ្យសម្រេច ជោគជ័យ។
ក្នុងឳកាសនោះ លោកស្រី ពុំ ចន្ទីនី ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យយ៉ាងធំធេងរបស់លោក ទៀ សីហា និងលោកស្រី ដែលបានដឹកនាំ សាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប សម្រេចបាននូវសមទ្ធិផលធំៗជាច្រើន នៅក្នុងអណត្តិទី៥ ចាប់តាំងពីឆ្នាំ២០១៩-២០២៣ តាមវិស័យអាទិភាព ទាំង៤ ជាពិសេស បានពុះពារដឹកនាំ ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋាន សម្រេចបានជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបានផ្តល់ អំណោយតាមខ្នងផ្ទះ ក្នុងតំបន់បិទខ្ទប់ ចំនួន៧,១៦៦គ្រួសារ។
លើសពីនោះបានផ្ដល់ផ្ទះមនុស្សធម៌ ដល់គ្រួសារងាយរង គ្រោះបំផុត១៨ខ្នង ផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារងគ្រោះនិងងាយរងគ្រោះចំនួន ២៣,០៩០គ្រួសារ, រកមូលនិធិ បានសរុប ២,៥៦៦,១៩៥ដុល្លារនិង៣៤៧,៦៧៤,៨០០រៀល រួមទាំងសមិទ្ធផលជាច្រើន។
ទន្ទឹមនឹងនោះ លោកស្រីជូនពរ គណៈកម្មាធិការថ្មី និងគណៈកិត្តិ យសសាខា-អនុសាខាទទួលបានជោគជ័យថ្មីៗបន្ថែម ជាពិសេសបន្តពង្រឹងពង្រីកសមាជិកភាព ផ្ដួចផ្ដើមរៀបចំយុទ្ធនាការកៀរគររកមូលនិធិ និងបន្តអនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមាន៤វិស័យ អាទិភាព រួមមាន៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួល អាកាសធាតុ, វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន៕