(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធី៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុង នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ក្រាបក្រុមជនសង្ស័យចំនួន០៦នាក់ ដែលបានកាប់ទៅលើជនរងគ្រោះ រហូតដាច់កដៃ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នាវេលាម៉ោង១៧ និង៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនាព្រលប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា នាវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យមួយក្រុម (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានគ្នាប្រហែល០៧នាក់ បានធ្វើសកម្មភាព បាញ់គ្រាប់ជំពាម និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឱ្យដាច់កដៃ ខាងឆ្វេង រួចគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីតកដៃដែលបានដាច់ តែជាអកុសល ក្រុមគ្រូពេទ្យបានបញ្ជាក់ថា កដៃនេះមិនអាចតបានទេ។

ជុំវិញករណីនេះ សមត្ថកិច្ចក៏មិនទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ថា អាចជាករណីគំនុំ ឬយ៉ាងណាដែរ។

ចំពោះប្រតិបត្តិការណ៍នេះ គឺធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រហូតបង្ក្រាបបានក្រុមជនសង្ស័យ បានចំនួន០៦នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធី៍សាត់ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តចាត់ការតាមច្បាប់៕