(ភ្នំពេញ)៖ សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បាញល្បី លោកបណ្ឌិត សាយ បូរី បានសម្រេចចិត្តដល់​ចូលសង្វៀននយោបាយឡើងវិញ បន្ទាប់ពីសម្រាកអស់រយៈពេលជិត ៣០ឆ្នាំ។ ការចាប់​ផ្តើម​ជីវិតនយោបាយឡើងវិញនេះ លោកបណ្ឌិត សាយ បូរី បានសម្រេចធ្វើដំណើរជាមួយគណបក្ស​ប្រជាជនកម្ពុជា ដែលលោកយល់ថា ជាគណបក្សនយោបាយមានចក្ខុវិស័យច្បាស់លាស់ក្នុង​ការកសាងសង្គមកម្ពុជាឱ្យរីកចម្រើន និងរុងរឿង។

លោកបណ្ឌិត សាយ បូរី បានគូសរំលេចលើហ្វេសប៊ុករបស់លោកថា រូបលោក បានលាលែង​ពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅ​បន្ត​ឯក​រាជរហូត ដើម្បីបម្រើជាតិខ្មែរ។

លោកបន្តថា លោកយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់លោកទាំងស្រុង ជាពិសេស បានឃើញច្បាស់​អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។

លោកបណ្ឌិត បានគូសរំលេចបែបនេះ «ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មាន​លក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការ​បន្ត​វេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​ជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីក​ចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាព​សុខសាន្តក្រោម​ដំបូលនៃសុខសន្តិភាព»។

លោកបន្តថា «ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ»។

បើតាមលោក សាយ បូរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកបានផ្ញើសារគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់លោក សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នា​បន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើន​របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

បើតាមលោក សាយ បូរី, សម្តេចតេជោ បានសម្រេចទទួលរូបលោកឱ្យចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជាហើយ។ លោក សាយ បូរី បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចទទួលខ្ញុំភ្លាមឲ្យចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

ក្នុងសំណេរ លោកបណ្ឌិត សាយ បូរី បានរំលេចនូវពាក្យមួយប្រយោគថា «ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស»៕