(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការចាប់អារម្មណ៍លើការអនុវត្តន៍កាតព្វកិច្ចយោធាពលរដ្ឋរបស់ប្រទេសសិង្ហបុរី ហើយមានបំណងរៀនសូត្រពិសោធន៍មួយនេះពីសិង្ហបុរីផងដែរ។
នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក លី សៀនលុង នាយករដ្ឋមន្ត្រីសិង្ហបុរី នាទីក្រុងហ្សាតាកា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំទាំងពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្នុងជំនួបនោះ លោក លី សៀនលុង បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏បានរំលឹកប្រកបដោយមនោសញ្ចេតនា ពេលជួបសម្តេចធិបតី កាលពីឆ្នាំ២០១៨។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរនេះ។ ជាពិសេសសិង្ហបុរីជាប្រទេសទី១ ដែលបានផ្ញើលិខិតអបអរសាទរជូនសម្តេចធិបតី។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ ដែលសិង្ហបុរី តែងបានផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងបំណងរបស់កម្ពុជា ក្នុងការរៀនសូត្របទពិសោធន៍ពីសិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេសពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋជាដើម។
លោក លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និងយោធា, ហើយលោកក៏បានអញ្ជើញ សម្តេចធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ៕