(ភ្នំពេញ)៖ លោក លីវ យិន ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា បានជឿជាក់ថា ក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ក្រោយរបស់កម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក RCEP ទាំងអស់ កម្ពុជានឹងឈានទៅរកយុគសម័យមាស នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ការបង្ហាញជំនឿជឿជាក់យ៉ាងដូច្នេះរបស់ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមរៀបចំវេទិកាតុមូលស្តីអំពីប្រធានសហព័ន្ធជនជាតិចិន ខេត្តអានហ៊ុយ នៅក្រៅប្រទេស នៃប្រទេស RCEP ដែលរៀបចំដោយសហព័ន្ធជនជាតិចិន ខេត្តអានហ៊ុយ នៅក្រៅប្រទេស និងសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា។

ក្នុងវេទិកានេះមានការចូលរួមពីលោក លី សឺ​អីញ (Li Shi Yun) លេខាបក្ស និងជាប្រធានសហព័ន្ធជនជាតិចិនខេត្ត អានហ៊ុយ នៅក្រៅប្រទេស ឧកញ៉ា តែ មាន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងភ្ញៀវជាច្រើនបានចូលរួមបានចូលរួមព្រឹត្តិការណ៍នេះ។

ប្រធានសភាពាណិជ្ជកម្ម អានហ៊ុយ នៅកម្ពុជា បានបង្ហាញថាក្រឡេកមើលអតីតកាលចាប់តាំងពីការបង្កើតសហព័ន្ធ RCEP មក បានឆ្ពោះទៅកាន់យុគសម័យនៃការអភិវឌ្ឍកាន់តែខ្ពស់ រឹងមាំ និងលឿនជាងមុន។ នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរលឿន ការលំបាក និងភាពមិនច្បាស់លាស់កំពុងកើនឡើង ហើយដំណើរការកសាងជាតិរបស់កម្ពុជា ក៏បានឈានចូលដំណាក់កាលថ្មីមួយផងដែរ។

លោក លីវ យិន បានគូសបញ្ជាក់ថា លើសពីនេះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ​រួមមានទី១៖ ការ​អភិវឌ្ឍមូលធនមនុស្ស, ២៖ ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣៖ ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤៖ ការអភិវឌ្ឍប្រកបដោយចិរភាព និងបរិយាបន្ន និងទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកបន្តថា «យុទ្ធសាស្ត្របញ្ចកោណ» គឺផ្អែកលើសន្តិភាព និងការអភិវឌ្ឍដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ហើយដឹកនាំប្រទេស និងប្រជាជនឱ្យសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

បន្ថែមពីនេះ លោក លីវ យិន ក៏ប្រកាសសូមស្វាគមន៍បងប្អូនជនរួមជាតិ អានហ៊ុយ មកទស្សនាប្រទេសកម្ពុជា ដើម្បីចែករំលែកការនឹករលឹករបស់ពួកគេ និងស្វែងរកការអភិវឌ្ឍរួមគ្នា។

ដោយឡែកលោក លី សឺ​អីញ ក៏បានថ្លែងថា នៅខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិបទនៃការចូលជាធរមានជាផ្លូវការនៃ «កិច្ចព្រមព្រៀងភាជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​» (RCEP) យើងបានចាប់យកឱកាសនេះដោយពឹងផ្អែកលើគុណសម្បត្តិនៃអង្គការចិន នៅក្រៅប្រទេសដែលបង្កើតជាបន្តបន្ទាប់នៅអាស៊ីអាគ្នេយ៍ និងធនធានចិន នៅក្រៅប្រទេសដ៏សម្បូរបែប យើងក៏បានសហការគ្នា​បង្កើតនៅ សហព័ន្ធជនជាតិចិន ខេត្តអានហ៊ុយ នៅក្រៅប្រទេសនៃប្រទេស RCEP។

លោក លី សឺ​អីញ បានបញ្ជាក់ថា អស់រយៈពេលជាងមួយឆ្នាំមក ក្រោមការដឹកនាំរបស់លោក លីវ យិន មានការគាំទ្រយ៉ាងខ្លាំងពី អង្គភាពសមាជិកទាំងអស់ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងខេត្តអានហ៊ុយ និងបណ្តាប្រទេស RCEP។ ការងារពាក់ព័ន្ធទាំងនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំរដ្ឋាភិបាលខេត្ត អានហ៊ុយ និងសហព័ន្ធជនជាតិចិន នៅក្រៅប្រទេសផងដែរ៕