(ចិន)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា និងចិន បានរួមគ្នាពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុងប៉េកាំង។
ការបញ្ជាក់បែបនេះរបស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំគ់ណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាទីក្រុងប៉េកាំង។
កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងភាគីចិនដឹកនាំដោយលោក វរ ហ្សៅ ជុន ( Wei Xiao Jun) អគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រោយកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន និងឈរស្មារតី នៃកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន និងស្ថានភាពគ្រឿងញៀន និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក កិច្ចសហប្រតិបត្តិការបន្តពេលខាងមុខ បញ្ហាប្រឈមនានា និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕