(កំពត)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន២ទីតាំង និងបង្គន់អនាម័យសាធារណៈ១ខ្នងមាន៤បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត។

សកម្មភាពនេះមានការចូលរួមអមដំណើរពីប្រតិភូ និងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ទីតាំងដែលបានចុះត្រួតពិនិត្យនោះ រួមមាន៖

ទីតាំងទី១៖ ស្ថានីយស្រូបទឹកពីបរិយាកាសស្ថិតនៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលមានសមត្ថភាពផលិតទឹកស្អាតជាអតិបរិមាចាប់ពី៨០០-២០០០លីត្រក្នុងមួយថ្ងៃ ក្រោមថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។ ម៉ាស៊ីនស្រូបទឹកពីបរិយាកាសនេះដំណើការដោយប្រព័ន្ធព្រះអាទិត្យ។

ទីតាំងទី២៖ អាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ១០,០០០លីត្រ និងបង្គន់សាធារណៈ១ខ្នងមាន៤បន្ទប់ មានទីតាំងស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ស្ថិតនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោករដ្ឋមន្រ្ដីបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

នៅរសៀលថ្ងៃដដែល លោក ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរបានបន្តជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក លោករដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងផ្ដល់នូវអនុសាសន៍ដូចខាងក្រោមនេះ៖

១. បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

២. សហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តលើវិស័យអភិវឌ្ឍន៍ជនបទ។

៣. គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់ ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។

៤. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

៦. ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ៕