(ភ្នំពេញ)៖ ដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» វិទ្យាស្ថានបច្ចេកវិទ្យា ជាំងស៊ូ (កម្ពុជា) បណ្តុះបណ្តាលវិជ្ជាជីវៈ បានហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ Dalian Maple Leaf និង ក្រុមហ៊ុនអប់រំ Dalian Xin​ Ye Da រួមគ្នាបង្កើតវិទ្យាស្ថាន ជាំងស៊ូ (កម្ពុជា) ម៉ូជឺ (Mozi) ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

លោក ចូវ មីង មីង ប្រធានវិទ្យាស្ថានបច្ចេកវិទ្យា ជាំងស៊ូ (កម្ពុជា) បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវគោលនយោបាយរបស់រដ្ឋាភិបាលចិន និងកម្ពុជា បម្រើកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មអន្តរជាតិ ប្រើប្រាស់កិច្ចសហប្រតិបត្តិការធនធានអប់រំវិជ្ជាជីវៈ តាមរយៈការបណ្ដុះបណ្ដាលបុគ្គលិកជំនាញបច្ចេកទេស និងការលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌វិជ្ជាជីវៈ។

លោកស្រី ស៊ុនយ៉ាវ នាយិកាវិទ្យាស្ថាន ក៏បានណែនាំអំពីប្រវត្តិនៃវិទ្យាស្ថានថា វិទ្យាស្ថានមានប្រភពចេញពីសាលាវាយនភណ្ឌដំបូងគេរបស់ប្រទេសចិន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩១២ ដែលមានប្រវត្តិជាង ១០០ឆ្នាំ​ ហើយបានបណ្តុះបណ្តាលទេពកោសល្យ និងបច្ចេកទេសរាប់ម៉ឺននាក់សម្រាប់ការសាងសង់ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃខេត្ត ជាំងស៊ូ។

លោកស្រី យ៉ាង ភីង ប្រធានក្រុមហ៊ុន Dalian Xin​ Ye Da បាននិយាយថា ក្រុមហ៊ុន Dalian Xin​ Ye Da ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣។ អាជីវកម្មចម្បងគ្របដណ្តប់លើការអប់រំមត្តេយ្យសិក្សា សាលាបឋមសិក្សា និងមធ្យមសិក្សា ការអប់រំវិជ្ជាជីវៈមធ្យមសិក្សា ការអប់រំវិជ្ជាជីវៈខ្ពស់ ការអប់រំអន្តរជាតិ ការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍអាជីពអន្តរជាតិ (សេវាកម្មការងារនៅក្រៅប្រទេស) និងវិស័យផ្សេងៗទៀត។

លោក យ៉ាង ជា ប្រធានក្រុមហ៊ុនវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ Dalian Maple Leaf បានថ្លែងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ។ ក្រុមហ៊ុនមាននាយកដ្ឋានហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នាយកដ្ឋានសេវាកម្មទំនើប នាយកដ្ឋានវិស្វកម្មព័ត៌មាន នាយកដ្ឋានបច្ចេកវិទ្យាបរិក្ខារ និងនាយកដ្ឋានថែទាំវេជ្ជសាស្ត្រ និងសុខភាព។ មុខជំនាញសរុបចំនួន៤៦ មានដូចជា៖ ពាណិជ្ជកម្ម ការរចនាសិល្បៈឌីជីថល កម្មវិធីវិស្វកម្ម និងវិស័យទេសចរណ៍។ល។

គួរបញ្ជាក់ផងដែរថា ការសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ភាគីទាំង ៣ខាងលើនេះ គឺមានចក្ខុវិស័យនៃការបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា បង្កើនទំនាក់ទំនងរវាងប្រជាជនចិន និងកម្ពុជា ហើយប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវជំនាញវិជ្ជាជីវៈរបស់ប្រជាជនមូលដ្ឋានក្នុងប្រទេសកម្ពុជា៕