(តាកែវ)៖ កម្លាំងកងរាជអាវុធខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ បានឃាត់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ ដែលជាមុខសញ្ញាគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៣។
ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីមានករណី គប់កញ្ចក់រថយន្ត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ (គម៥៣) ស្ថិតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយបណ្ដាលឲ្យម្ចាស់ រថយន្តរងរបួសបែកក្បាល។
ការឃាត់ខ្លួនធ្វើឡើងក្រោយពីទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖
*ទី១៖ ឈ្មោះ សុខ រ៉ា (ជនដៃដល់) អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារ៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
*ទី២៖ ឈ្មោះ ទឹន វិន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
*ទី៣៖ ឈ្មោះ គង់ កែវ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៤៖ ឈ្មោះ យុង សំនិត អាយុ២០ឆ្នាំ មុខរបរកសិករ
*ទី៥៖ ឈ្មោះ សែម ហួតឡុង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៦៖ ឈ្មោះ សែម ហួតឡៃ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំង៤នាក់នេះ រស់នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យកបាន ម៉ូតូចំនួន២គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1JD-5543 និងម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1D-3266, ទូរស័ព្ចដៃ២គ្រឿង VIVO និង iPhone និងកាំភ្លើងកែច្នៃ១ដើម គ្រាប់០៣គ្រាប់។ បច្ចុប្បន្ន ការិយាល័យជំនាញខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអ មសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕