(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិក ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូចជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងអមដំណើរដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្ដិភាព។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន ក៏បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ លោក ខេរ៉ាឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។

ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំនិងការធ្វើសមារណកម្មអាស៊ានផងដែរ៕