(កំពង់ឆ្នាំង)៖ ទេយ្យទានជាគ្រឿងបរិក្ខារួមបច្ច័យសរុបប្រមាណ ៣ពាន់ដុល្លារ របស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង និងលោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន រួមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននាំយកប្រគេនជូនព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សា​គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះចៅអធិការ​វត្តក្រឡាញ់ចាស់​​ ដើម្បីរួមចំណែកជួយក៏សាងសាលាឆាន់ក្នុងវត្តបានមួយចំនួន។

បើតាមការបញ្ជាក់របស់ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបញ្ជាក់ថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង តែងតែបានចូលរួមជួយក្នុងការកសាងវត្តក្រឡាញ់ចាស់​នេះ ជាបន្តបន្ទាប់ ជាក់ស្តែងថវិការបស់អគ្គមហាឧបាសិកា ទិត មាលា ញាណឡេង និងលោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង ពិតជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមជួយកសាងសមិទ្ធផល ជាសាលាឆាន់ ក្នុងវត្តបានយ៉ាងច្រើន ក្នុងនោះក៏ជាការចូលរួមជួយទ្រទ្រង់ដល់ព្រះសង្ឃនៅក្នុងវត្តផងដែរ។

បើតាមការបញ្ជាក់របស់ព្រះសិរីមង្គលមុនី ម៉ុច សៅលី វត្តក្រឡាញ់ចាស់ មានទីតាំងស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមិនស្ថិតនៅក្នុងតំបន់ទីប្រជុំជននោះឡើយ គឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយ វត្តក៏នៅតែមានការខ្វះខាតមួយចំនួនផងដែរ។

ព្រះសិរីមង្គលមុនី មានសង្ឃដីកាទៀតថា ដោយសារតែមកដល់ពេលនេះនៅមានការខ្វះខាត មិនទាន់មានសាលាឆាន់មួយដ៏ត្រឹមត្រូវសម្រាប់ព្រះសង្ឃ ក៏ដូចជាមិនទាន់មានព្រះវិហារនៅឡើយ ព្រះអង្គក៏បានផ្តួចផ្តើមគៀងគរជាថវិកា ពីសប្បុរសជនជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីសាងសង់ជាសាលាឆាន់មួយ ខណៈមកដល់ពេលនេះដោយសារមានការខ្វះខាតថវិកា ការសាសងសង់សាលាឆាន់ ទើបតែបានមួយចំនួនតែប៉ុណ្ណោះ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី ក៏បានបន្តអំពាវនាវដល់បណ្តាសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស អាចចូលរួមតាមសុទ្ធាជ្រះថ្លា រៀងៗខ្លួន ដើម្បីជួយកសាងបង្ហើយសាលាឆាន់នៅក្នុងវត្ត ក៏ដូចជាជួយទ្រទ្រង់ដល់ព្រះសង្ឃ និងលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ឱ្យបានកាន់តែរីកចម្រើនតរៀងទៅមុខទៀត។ សម្រាប់ញាតិញោម មានសុទ្ធាជ្រះថ្លា អាចទាក់ទងព្រះសិរីមង្គលមុនី ម៉ុច សៅលី +855 15 896 999 , 090 896 999 ៕