(ស្វាយរៀង)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងមានជម្លោះពាក្យសំដីជាមួយគ្នាក្នុងវង់ផឹកស៊ី។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅចំណុច ភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ។
សមត្ថកិច្ចស្រុកស្វាយជ្រំបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះមុន សៅលិញ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុច វន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា នៅមុនកើហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នា យ៉ាងសប្បាយរីករាយរហូតស្រវឹងរៀងៗខ្លួន ស្រាប់តែមានជម្លោះពាក្យសម្តីយ៉ាងខ្លាំង ខណៈនោះជនសង្ស័យទាញបានដំបងឬស្សីវាយសន្ធាប់ទៅលើជនរងគ្រោះត្រូវចំក្បាល និង ដងខ្លួនជាច្រើនដំបង បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលតែម្ដងដល់អ្នកភូមិមកជួយឃាត់។
សមត្ថកិច្ចបានបន្តថា ក្រោយពីជនសង្ស័យប្រើហឹង្សារួច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការនគបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ៕