(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតជូន វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា យកចំណូលពីលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចំពោះភ្ញៀវទេសចរបរទេសម្នាក់ ចំនួន២ដុល្លារ ជួយមន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧តទៅ បន្ថែមលើថវិកាបដិភាគ របស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នេះជាការឧបត្ថម្ភបន្ថែមលើថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនមូលនិធិគន្ធបុប្ផា ជារៀងរាល់ឆ្នាំកន្លងមក ហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀត របស់រាជរដ្ឋាភិបាលក្នុងការ ជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់មូលនិធិគន្ធបុប្ផាផងដែរ។
ប័ណ្ណចូលទស្សនាតំបន់អង្គរ មាន៣ប្រភេទដែលត្រូវលក់ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺទី១-ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២-ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣-តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល៣០ថ្ងៃ។
បច្ចុប្បន្នបណ្ណ័ចូលទស្សនា រមណីយដ្ឋានអង្គរ ត្រូវបានកំណត់ជា៣ប្រភេទរួមមាន តម្លៃ២០ដុល្លារចូលទស្សនាបានមួយថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង និងប័ណ្ណតម្លៃ ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនាបាន៧ដង។
ការសម្រេចដំឡើងថ្លែប័ណ្ណចូល ទស្សនាតំបន់អង្គរ និងការដកថវិកាបាន ពីការលក់ប័ណ្ណឲ្យភ្ញៀវបរទេសក្នុងម្នាក់ ២ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានការគាំទ្រ ពីវិស័យឯកជនក្នុងផ្នែកទេសចរណ៍ផងដែរ៕