(ក្រចេះ)៖ លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ នៅទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាអក្ខរកម្មជាតិ៨កញ្ញា ក្រោមប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រិះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច ក្នុងបរិវេណវត្តពោធិរង្សី ហៅវត្តភូមិថ្មី ទី១ ស្ថិតនៅឃុំ ខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ  ក្មួយៗសិស្សានុសិស្ស សិស្សអក្ខរកម្ម និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញានោះ លោក ហង់ ចាន់ឌី បានចាត់ទុកទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ជាទិវាមួយដ៏មានសារៈសំខាន់ និងមានអត្ថន័យដ៏ថ្លៃថ្លាបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលបានចូលរួមគាំទ្រយ៉ាងសកម្មលើការអភិវឌ្ឍវិស័យអប់រំ តាមគ្រប់រូបភាព ដើម្បីជំរុញឱ្យមានអត្រាអក្ខរកម្មខ្ពស់ ក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួនក្នុងឆ្នាំ២០៣០ ដែលជាគោលដៅផ្ដោតទៅលើការធានាឱ្យការអប់រំមានគុណភាពប្រកបដោយបរិយាប័ន្ន សមធម៌ និងផ្ដល់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

លោកបន្តថា គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិតក្នុងគ្រប់បរិបទ និងគ្រប់ទីកន្លែង ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមនៃជីវិត។

លោកបន្តរំឮកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជានៅសេសសល់បញ្ញវន្ត និងអ្នកចេះដឹងតិចតួចបំផុត គោលការណ៍នេះ ជាវិធីដ៏មានសារៈសំខាន់សម្រាប់ជំរុញឱ្យប្រជាពលរដ្ឋយើងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ អក្ខរកម្ម គឺជាមធ្យោបាយគន្លឹះ និងជាចំណុចចាប់ផ្ដើមនៃការអប់រំ ហើយក៏ជាមូលដ្ឋាននៃការអភិវឌ្ឍ លើគ្រប់វិស័យ។

លោកថា សម្រាប់ទិវាអក្ខរកម្មជាតិឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកប្រធានបទ «អក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។ គោលនយោបាយនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់សេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការដល់ពលរដ្ឋគ្រប់រូប និងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូលស្របតាមយុគសម័យបច្ចេកវិទ្យាព័ត៌មាន និងសង្គមពុទ្ធិ។

លោកបន្តថា បច្ចុប្បន្នបញ្ហាអនក្ខរភាពស្ថិតនៅជាកង្វល់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានៅឡើយ ពោលគឺយើងពុំទាន់សម្រេចបាននូវគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា ហេតុនេះហើយបានជានៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅតែចាត់ទុកកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ និងជាសកម្មភាពអាទិភាពដ៏ចម្បងរបស់ការងារអប់រំក្រៅប្រព័ន្ធ ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្មទៅនឹងការសិក្សាពេញមួយជីវិត ពិសេសឈានទៅសម្រេចបាននូវគោលដៅក្នុងបរិការណ៍ថ្មី គឺ ប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញ តាមយុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៕