(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានបង្ហាញការព្រួយបារម្ភដោយសារគ្រឿងញៀន មានការកែច្នៃច្រើន និងមានការហូរចូលពីក្រៅប្រទេស ដែលចំណុចនេះគឺជាវិញ្ញាសាមួយសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវពុះពារដោះស្រាយរួមគ្នា និងដល់ពេលហើយដែលគ្រួសារមួយ ភូមិមួយ ឃុំមួយ ស្ថាប័នមួយជួយត្រួតពិនិត្យ ធ្វើចលនាអប់រំ ដាស់តឿនកុំសេព និងពាក់ព័ន្ធគ្រឿងញៀន។

លោកនាយករដ្ឋមន្ត្រីស្តីទី បានបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គលើកទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា កាលពីពេលថ្មីៗនេះ បានដាក់ចេញជាអាទិភាព ក្នុងការខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាគ្រឿងញៀននេះ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យើងទាំងអស់គ្នាចូលរួមទាំងអស់គ្នា ដើម្បីអនុវត្ត ដល់ពេលហើយដែលត្រូវគ្រួសារមួយជួយត្រួតពិនិត្យ ជាដាស់តឿន កុំឱ្យពាក់ព័ន្ធគ្រឿងញៀន គ្រួសារមួយ ភូមិមួយ ឃុំមួយ ឬស្ថាប័នមួយធ្វើទាំងអស់គ្នា មានន័យថាធ្វើចលនាវិស័យអប់រំ គឺធ្វើ២ ទទឹមគ្នាគឺវិធានការរបស់រដ្ឋ និងទី២៖ វិធានការពន្យល់ ឃោសនា និងការពារកុំឱ្យសេពគ្រឿងញៀន»។

ក្នុងឱកាសអញ្ជើញជាប្រធានគណៈអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក៣៣ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រឿងញៀន បានហូរចូលដល់ទីជនបទ ដែលជារឿងគួរឱ្យព្រួយបារម្ភមួយ សម្រាប់អនាគតយុវជនកម្ពុជា នៅថ្ងៃក្រោយ។

បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីស្តីទី បានគូសបញ្ជាក់ថា វិធានការដោះស្រាយត្រូវមានចំនួន២ចំណុចសំខាន់ៗ៖

ទី១៖ ជាតួនាទីរបស់រាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គឺត្រូវខិតខំថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ រាជរដ្ឋាភិបាល នឹងរៀបចំគណៈកម្មការជាតិមួយ ដើម្បីដឹកនាំកម្លាំងចម្រុះ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

ទី២៖ គឺជាការងារអប់រំ ដែលការងារនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដោយគ្រួសារមួយ ភូមិមួយ ឃុំមួយ ឬស្ថាប័នមួយ ត្រូវជួយត្រួតពិនិត្យ និងជួយដាស់តឿន កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ដែលជាចលនាមួយ ត្រូវការចូលរួមអនុវត្តទាំងអស់គ្នា។

នាយករដ្ឋមន្ត្រីស្តីទី បានសង្ឃឹមថាក្រោមការដឹកនាំរបស់គណៈកម្មការជាតិនឹងរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យបានល្អប្រសើរ។

សូមជម្រាបថា បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីស្តីទី, ផ្តើមចេញពីការគ្រប់គ្រងសារធាតុគីមី មិនសូវបានល្អ ធ្វើឱ្យជនខិលខូចមួយចំនួន ឆក់ឱកាសលួចលាក់ផលិត និងកែឆ្នៃគ្រឿងញៀន ដែលកងកម្លាំងបង្ក្រាបបានយ៉ាងច្រើន។ ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា បង្ក្រាបបានគ្រឿងញៀនជាង ១៦តោន និងសារធាតុគីមីផ្សំ រហូតជិត៤០០តោន៕