(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំអាស៊ានដទៃទៀត បានចាប់ផ្តើមកិច្ចប្រជុំចង្អៀត ក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីក្រុងហ្សាតាកា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេន។ ឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន បានកំណត់មូលបទនៃកិច្ចប្រជុំអាស៊ាន «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។
មេដឹកនាំប្រទេសសមាជិកអាស៊ានដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ រួមមាន៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រះមហាក្សត្រប្រទេសព្រុយណេ នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី និងប្រធានាធិបតីហ្វីលីពិន។ ដោយឡែកប្រទេសថៃ បញ្ជូនត្រឹមមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ ដោយសារតែនាយករដ្ឋមន្ត្រីថៃ ជាប់រវល់បំពេញនីតិវិធីផ្សេងដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសទីម័រខាងកើតក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ៕