(កណ្តាល)៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានលើកឡើងថា បញ្ជាការដ្ឋានអង្គរក្ស ជាកម្លាំងអន្តរាគមន៍ដ៏ពិសេស មានជំនាញអាជីពរៀបរយ មានសណ្តាប់ធ្នាប់ និងជាកម្លាំងស្មោះត្រង់បំផុត អាចចាត់ទុកជាគំរូទី១ គឺការពារការពារព្រះមហាក្សត្រ ការពារសម្តេចតេជោ ហ៊ុន សែន ការពារក្រុមគ្រួសាររបស់សម្តេច និងការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋ។

ការលើកឡើងបែបនេះរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

បន្ថែមពីនេះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានដើរតួនាទីជាកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ សម្រាប់ដើរចល័ត តាមបញ្ជារបស់ក្រសួងការពារជាតិ និងនាយសេនាធិការចម្រុះ ដែលបានដាក់បញ្ជាឱ្យ។ យើងមើលឃើញសភាពការណ៍ធំៗចំនួន២ គឺទី១៖ សភាពការណ៍ឈ្លានពាននៅប៉ែកខាងលិច និងទី២៖ សភាពការណ៍នៅប៉ែកឦសាន្ត។

«គ្រប់ពេលកម្លាំងបញ្ជាការដ្ឋានអង្គរក្ស តែងរួមចំណែកអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ ខ្ញុំចាត់ទុកថានេះ ជាកម្លាំងអន្តរាគមន៍មួយលឿនរហ័សទាន់ចិត្ត និងមានប្រសិទ្ធភាព»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកសន្តិបណ្ឌិត នេត សាវឿន។

លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស បានរួមចំណែកជាមួយកម្លាំងផ្សេងៗ ការពារគ្រប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ ស្នាដៃចុងក្រោយនេះ ការពារកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការពារព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម និងព្រឹត្តិការណ៍មួយចំនួនទៀតជាដើម។

ទន្ទឹមនឹងនេះដែរលោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា៖ «កម្លាំងបញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា) គឺប្រធានាធិបតីអាមេរិក លោកបានប្រើពាក្យមួយថា (កម្លាំងការពាររបស់កម្ពុជា នៅក្នុងតំបន់នេះអាចចាត់ទុកជាគំរូមួយ) ពីព្រោះកម្លាំងបានការពារសុវត្ថិភាព សណ្តាប់ធ្នាប់ បានយ៉ាងជោគជ័យ ត្រចេះត្រចង់។ ដូច្នេះស្នាដៃរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលបានចូលរួមទាំងព្រឹត្តិការណ៍អន្តរជាតិ និងព្រឹត្តិការណ៍ពិតជាសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យចូលរួមបំពេញបន្ត។

សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស បានផ្តើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា។ ដឹកនាំបញ្ហាដោយនាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២៤៦។

ដោយមើលឃើញពីវិរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ គៀង សាវុធ និងលោក ជា សុផារ៉ា អតីតជាអភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូបដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ វរសេនីយ៍ឯក ចៅ តុល ដើម្បីមកបម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។

ក្នុងនាមអតីតជានាយទាហាន នៃកងវរសេនាតូចលេខ២៤៦ ក្នុងសម័យបង្រួបបង្រួមជាតិ មានការវិវឌ្ឍរីកចម្រើនធំធាត់ជាលំដាប់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យបង្កើតជាវរសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះក្នុងក្របខណ្ឌកងពលតូចលេខ៧០។

ដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខសុវត្ថិភាពជាចំបង ទើបសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជាបញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន៕