Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីរាជការមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចេញបដិសេធការិះគន់ថា «ក្រសួងសុខាភិបាលសម្ងំដេក»

08-08-2016 22:09

(ភ្នំពេញ)៖ ទន្ទឹមនិងការគាំទ្រទៅលើការបំភ្លឺរបស់ក្រសួងសុខាភិបាលហើយនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានបដិសេធដាច់ខាតចំពោះការរិះគន់ថា «ក្រសួងសុខាភិបាលសម្ងំដេក»។ ការបដិសេធរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអត្ថបទមិត្តអ្នកអានមួយផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ មានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក» បានធ្វើការវាយប្រហារធ្ងន់ៗទៅលើសកម្មភាពការងាររបស់ ក្រសួងសុខាភិបាល។

តាមរយៈលិខិត ដែល Fresh News ទទួលបាននាយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត ព្រះសីហនុ បានបញ្ជាក់ថា មន្ត្រីរាជការទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បាននិងកំពុងខិតខំបំពេញ ភារកិច្ចបម្រើ សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្ត និងសំណូមពរដល់បុគគលិក និងមន្រ្តីសុខាភិបាលទាំងអស់បន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ខិតខំប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ និងជាពិសេសខិតខំបង្កើននូវចំណេះដឹងរបស់ខ្លួនតាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ៕