(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកន្លងមក និងលើកទិសដៅអនុវត្តបន្តការបង្ក្រាបល្បែងស៊ីសង បទល្មើសគ្រឿងញៀន ព្រមទាំងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯម។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នរគបាលទាំង១០ ក្នុងស្រុកល្វាឯម។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ លោក នុត ពុធដារ៉ា បានធ្វើការណែនាំដល់អង្គប្រជុំ លើការងារសំខាន់ៗ ដែលត្រូវអនុវត្ត ដូចជា៖
* សូមបន្តយកចិត្តទុកដាក់ និងអនុវត្តជាប់ជាប្រចាំដូចភ្លៀងរលឹម ចំពោះការបង្ក្រាបនូវរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំកងកម្លាំងទាំងអស់បន្តតាមដានត្រួតពិនិត្យ អនុវត្ត ការបង្ក្រាប និងទប់ស្កាត់កុំអោយមានកើតឡើងបទល្មើសនានានៅក្នុងមូលដ្ឋានស្រុក។ ការលេងល្បែងស៊ីសង ហាងបញ្ចាំខុសច្បាប់ គឺជាប្រភពមួយដែលនាំអោយកើតមានអំពើរចោរកម្ម លួចឆក់ប្លន់គ្រប់ប្រភេទ ដូច្នេះការបង្ក្រាបល្បែស៊ីសង និងហាងបញ្ចាំខុសច្បាប់ក៏ជាកត្តាកាត់បន្ថយបទល្មើសទាំងនេះផងដែរ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំមានការពាក់ព័ន្ធ ឬអន្តរាគមន៍លើបទល្បើសទាំងនេះ ដែលវាជាអំពើផ្ទុយនឹងច្បាប់ ហើយត្រូវចូលរួមសហការរាយការណ៍ដើម្បីឈានទៅបង្ក្រាបឲ្យបានទាំងស្រុងក្នុងមូលដ្ឋាន។
* យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ក្មេងទំនើង ពិសេសបទល្មើសគ្រឿងញៀន កុំឲ្យកើតមានក្នុងមូលដ្ឋាន។
* ការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ នៅថ្នាក់ស្រុកមានការិយាល័យច្រកចេញចូលតែមួយស្រុក ហើយនៅថ្នាក់ឃុំ មានយន្តការច្រកចេញចូលតែមួយ ដែលមានតារាងតម្លៃសេវា និងរយៈពេល នៃការផ្តល់សេវាត្រឹមត្រូវតាមការកំណត់ជូនប្រជាពលរដ្ឋ សូមជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធិភាព និងត្រូវផ្សព្វផ្សាយពីតារាងតម្លៃសេវា និងរយៈពេលផ្តល់សេវា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រាប។ អ្នកដែលបម្រើសេវា អ្នកប្រគល់ទទួលឯកសារត្រូវមានអត្តចរិតសុភាពរាបសារ សម្តីទន់ភ្លន់ រួសរាយរាក់ទាក់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរីករាយ ក្នុងការទទួលសេវាពីរដ្ឋបាលស្រុក ឃុំ។
* ចំពោះការធ្វើឯកសារអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សូមលោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ចុះធ្វើជូនប្រជាពលរដ្ឋឲ្យបានដល់ខ្នងផ្ទះ ដើម្បីជាការបង្ខិតសេវាឲ្យកាន់តែកៀកជិតជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យពលរដ្ឋកាន់តែមានភាពរីករាយ គាំទ្រដល់ការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន។
* ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សូមលោកអធិការ លោកនាយប៉ុស្តិ៍ បន្តជំរុញផ្តល់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
* ចំពោះការដោះស្រាយទំនាស់ដីធ្លីនានានៅក្នុងស្រុក ឃើញថារដ្ឋបាលស្រុកកន្លងមកបានអនុវត្តបានល្អប្រសើរ ដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះករណីដែលនៅសេសសល់ សូមបន្តយកចិត្តទុកដាក់ សម្របសម្រួលឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
* នៅក្នុងរដូវកាលបិទនេសាទនេះ សូមគ្រប់អ្នកពាក់ព័ន្ធ សហការបង្ក្រាបបទល្មើសនេសាទកុំឲ្យកើតមាន ដើម្បីរក្សាពូជត្រី សម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ក្នុងមូលដ្ឋានយើង។
* សូមជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងអ្នកដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅសាលាឃុំ ដែលពួកគាត់កំពុងរស់នៅ៕