(ស្វាយរៀង)៖ ជនសង្ស័យ៩នាក់ (ស្រី២នាក់) ដែលជាជនជាតិវៀតណាម ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចជំនាញកាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន កាលពីថ្ងៃ៣០-៣១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ផ្តល់ទីតាំង ចាត់ចែងឲ្យប្រើប្រាស់ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ចំនួន២ករណី និង២ទីតាំងផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានចុះនៅទីតាំងភោជនីយ៍ដ្ឋាន ខារ៉ាអូខេ១០២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៥ (ស្រី១នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ កេតាមីន ចំនួន២៦កញ្ចប់, ថ្នាំគ្រាប់ប្រភេទអុិចស្តាសុីចំនួន ៧៩គ្រាប់, ជញ្ជីងថ្លឹងថ្នាំ១គ្រឿង, ទូរសព្ទ័ដៃ៧គ្រឿង ព្រមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

រួចមកកម្លាំងនគរបាល បានចុះបង្ក្រាបនៅបន្ទប់ជួលលេខ១៨-១៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ (ស្រី២នាក់) ដកហូតសម្ភារវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១៦កញ្ចប់,ថ្នាំញៀន ប្រភេទអុិចស្តាសុីចំនួន ៨៣ គ្រាប់,កញ្ឆារក្រៀម៧កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង, ទូរសព្ទ័ដៃ៣គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀតផងដែរ៕