(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងស៊ែប៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅរដ្ឋធានីហ្សាការតា។

ភាគីទាំងពីរបានកំណត់នូវវិស័យសក្តានុពលនានាសម្រាប់កិច្ចសហការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សំដៅពង្រឹងទំនាក់ទំនងកម្ពុជា-ស៊ែប៊ី ផងដែរ៕