(កំពង់ស្ពឺ)៖ យ៉ាងតិចមានក្រុមហ៊ុន៥០ ដែលជាសមាជិកនៃសហព័ន្ធសហគ្រិនចិនក្រៅប្រទេស ខេត្តហឺណាន (Henan Federation of Oversea Chinese Entrepreneurs) កំពុងសម្លឹងមើលឱកាសវិនិយោគផ្នែក ចិញ្ចឹមសត្វ និងការដាំដំណាំជាច្រើនមុខនៅខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើទស្សនកិច្ចនៅខេត្តហឺណាន ប្រទេសចិន។
សូមជម្រាបថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១នៅប្រទេសចិនផងដែរ។
លោក វ៉ី សំណាង បានបញ្ជាក់ពីខេត្តហឺណាននាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា សហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន ពិតជាមានបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការវិនិយោគរវាង ខេត្តកំពង់ស្ពឺ និងសហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន លើវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពលស្អាត យានយន្តអគ្គិសនី និងវិស័យផ្សេងៗទៀត។
លោកអភិបាលខេត្តកំពង់ស្ពឺបន្តថា ផ្អែកលើតម្រូវការក្នុងការបង្កើតឱកាសវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក និងទទួលស្គាល់អំពីសារសំខាន់ក្នុងការអនុវត្ត កម្មវិធីសហការដ៏រឹងមាំ នៅក្នុងវិស័យដែលបានលើកឡើងខាងលើ ដោយមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្អែកលើគោលការណ៍សមធម៌ និងផលប្រយោជន៍ទៅវិញទៅមក និងសម្របសម្រួលកិច្ចសហប្រតិបត្តិការវិនិយោគរវាងខេត្តកំពង់ស្ពឺ និងសហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពលស្អាត យានយន្តអគ្គិសនី និងវិស័យនានាផ្សេងៗទៀត និងពង្រឹងទំនាក់ទំនងផលប្រយោជន៍ទៅវិញទៅមកផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅលើបច្ចេកវិទ្យា ផលិតផល សេវាកម្ម និងដំណោះស្រាយគ្រប់ជ្រុងជ្រោយនៅក្នុងវិសាលភាព នៃកិច្ចសហប្រតិបត្តិការនៃខ្សែសង្វាក់ វិស័យកសិកម្មដូចជា៖ បច្ចេកវិទ្យាបង្កាត់ពូជ ចំណីសត្វ និងការចិញ្ចឹមសត្វ ការដាំដំណាំកសិកម្ម ការកែច្នៃចំណីអាហារ ការអភិវឌ្ឍឧទ្យានទេសចរណ៍កសិកម្ម ការអភិវឌ្ឍរោងចក្រកសិកម្មប្រើគ្រឿងម៉ាស៊ីនធុនស្រាល ការបង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ការកែច្នៃកសិកម្ម បច្ចេកវិទ្យាថាមពលស្អាតសម្រាប់កសិកម្ម។
លោក វ័ង ហ្គ័ងហ្គួ (Wang Guangguo) នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន បានប្តេជ្ញាជំរុញសហគ្រាសជាង៥០ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែច្នៃសាច់គោ និងជ្រូក៕