(ភ្នំពេញ)៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះទ័យប្រទានដ៏ខ្ពង់ខ្ពស់បំផុតគោរម្យជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ» ដល់ឯកឧត្តម។
ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានថ្លែងក្នុងសារលិខិតយ៉ាងដូច្នេះថា «សូមគោរព សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ទាំងអស់សូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងនូវអំណរគុណ ដ៏ជ្រាលជ្រៅបំផុតជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះទ័យប្រទានដ៏ខ្ពង់ខ្ពស់បំផុតគោរម្យជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»។
ព្រះរាជទានដ៏ខ្ពង់ខ្ពស់នេះ ជាចលនាករឲ្យខ្ញុំខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីបម្រើជាតិ និងព្រះរាជានិយម ដើម្បីរក្សាឲ្យបានដាច់ខាតនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ អស់រយៈពេលជាង៤០ឆ្នាំ មកហើយ ចាប់ពី ថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ មក ដែលសម្ដេចតេជោ បានដើរតួនាទីស្នូលដើម្បីវាយរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហមរហូតសម្រេចបាននូវនយោបាយ «ឈ្នះ-ឈ្នះ» នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ ដែលនាំអោយជាតិយើងសម្រេចបាននូវសន្ដិភាពទូទាំងប្រទេស ការឯកភាពទឹកដី ព្រមទាំងការ បង្រួបបង្រួមជាតិ។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយសុខភាពបរិបូណ៌ជានិច្ចជាកាល មានព្រះជន្មាយុយឺនយូរ ព្រមទាំងកូន ចៅទាំងអស់ ដែលជាទីស្រលាញ់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ គោរពជូនពរ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរព សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពស្រលាញ់ដ៏ ស្មោះស្ម័គ្រអំពីខ្ញុំ និងភរិយា៕