(កណ្ដាល)៖ ព្រះសង្ឃគង់នៅអាស្រមទួលព្រះធាតុ និងប្រជាពលរដ្ឋបានថ្លែងអំណរគុណលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបានសម្របសម្រួលបើកផ្លូវ និងធ្វើផ្លូវបេតុងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរចេញចូលអាស្រមទួលព្រះធាតុ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
គួរជម្រាបថា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អភិបាលខេត្តកណ្ដាលបានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីសមហរបសម្រួលជាមួយនឹងម្ចាស់ដីបានជាលទ្ធផលល្អ ទទួលបានការសាទរពីពលរដ្ឋយ៉ាងគគ្រឹកគគ្រេង។ ម្ចាស់ដីឈ្មោះ ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) បានយល់ព្រមបរិច្ចាគដីទទឹង៣.៥ម៉ែត្រ និងឈ្មោះ ងួន ស៊ាង បានបរិច្ចាគដីទទឹង៣.៥ម៉ែត្រ សម្រាប់ធ្វើការបើកផ្លូវ ដើម្បីចូលមកអាស្រមទួលព្រះធាតុ។
ទន្ទឹមនឹងការយល់ព្រមបើកផ្លូវរួចមក លោក គង់ សោភ័ណ្ឌ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរស្រុកមុខកំពូល ត្រូវធ្វើការត្រួសត្រាយបើកផ្លូវ ចាក់ដីលើកឱ្យខ្ពស់ផុតពីទឹក ព្រមទាំងក្រាលគ្រួស ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរជាបណ្ដោះអាសន្ន ក្នុងនោះដែរនៅពេលក្រាលគ្រួសរួច ត្រូវបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវអមសងខាងផ្លូវចូល ដើម្បីបំភ្លឺជូនប្រជាពលរដ្ឋផងដែរ។ នៅពេលផ្លូវនេះមានគ្រឹះមាំរួចហើយ ផ្លូវនេះត្រូវធ្វើការចាក់បេតុងឱ្យបានស្អាតជូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា កន្លងមក ពុទ្ធបរិស័ទ ប្រជាពលរដ្ឋមកធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុ ដោយធ្វើដំណើរឆ្លងកាត់តាមដីរបស់គេ ពុំមានលំអានផ្លូវដើរពីមុនមកទេ បន្ទាប់មកម្ចាស់ដីបានលើកទំនប់ព័ទ្ធព្រំដី ហើយប្រជាពលរដ្ឋនៅទីនោះបានធ្វើដំណើរតាមទំនប់នោះរហូតមក។
កន្លងទៅថ្មីៗនេះ ម្ចាស់ដីបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូលនៅអាស្រមទួលព្រះធាតុនេះបាន ទើបស្នើសុំដល់អាជ្ញាធរស្រុកមុខកំពូល ពិសេសលោក គង់ សោភ័ណ្ឌ ដើម្បីដោះស្រាយ និងបើកផ្លូវជូនពួកគាត់សម្រាប់ធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុនេះ៕