(រតនគិរី)៖ ដោយមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់ដោយសារអាជីវករយកផ្លូវសាធារណៈមុខផ្សារបានលុង លក់ដូរ ដែលនាំឱ្យមានផលប៉ះពាល់ដល់ភ្ញៀវ ចេញ-ចូល ក្នុងផ្សារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ធូ ឃឿ អភិបាលក្រុងបានលុង បានបន្តដឹកនាំមន្ត្រីក្រោមឱវាទចុះណែនាំអាជីវករ និងឱ្យបញ្ឈប់ការយកទ្រូងផ្លូវ,ចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើអាជីវកម្ម មុនពេលដែលអាជ្ញាធរចាត់វិធានការតាមច្បាប់។

លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ បានប្រាប់ឲ្យដឹងថា អាជ្ញាធរបានខិតខំប្រឹងប្រែងណាស់រាល់ថ្ងៃគឺបានចុះរៀបចំដូចភ្លៀងរលឹម ប៉ុន្តែការអនុវត្តរបស់ក្រុមអាជីវករមួយចំនួន មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ ហើយកន្លងទៅអាជ្ញាធរក្រុងចាប់យកឥវ៉ាន់ដើម្បីធ្វើការព្រមាន និងផាកពិន័យច្រើនលើកច្រើនសារមកហើយដែរ​ ប៉ុន្តែពួកគាត់មួយចំនួននាំគ្នាមកលក់ដូរ លើផ្លូវសាធារណៈដដែលដោយគ្មានខ្លាចច្បាប់ទេ។

អភិបាលរងក្រុងរូបនេះ ក៏បានឲ្យដឹងទៀតថា ផ្ទះដែលនៅអមសងខាងផ្លូវចូលផ្សារបានលុង សុទ្ធតែអ្នកមានជីវភាពធូរធារហើយភាគច្រើនជាមន្ត្រីរាជការបានយកផ្លូវមុខផ្ទះ ដែលជាចំណីផ្លូវសាធារណៈជួលឲ្យបងប្អូន អាជីវករលក់ដូរដោយមិនគិតប៉ះពាល់ប្រយោជន៍សាធារណៈ។

ដោយឡែក ឧកញ៉ា សា លាង ម្ចាស់វិនិយោគផ្សារបានលុងកន្លងទៅថ្មីៗប្រាប់ឲ្យដឹងដែរថា កន្លែងអាជីវករលក់ដូរលើទ្រូងផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់រាល់ថ្ងៃនេះមិនមែនជាដែនវិនិយោគរបស់ផ្សារឡើយ ហើយការតាំងលក់ដូរនេះគឺក្រោមការរៀបចំរបស់អាជ្ញាធរ ដែលជាអ្នករៀបចំសណ្តាប់ធ្នាប់ ក៏បានចុះដេញញឹកញាប់ផងដែរ ប៉ុន្តែការអនុវត្តហាក់បីដូចគ្មានប្រសិទ្ធភាពសោះ បើទោះបីយកទៅណែនាំ ឫមានការផាកពិន័យទៅលើក្រុមដែលលក់បំពានលើផ្លូវសាធារណៈនេះយ៉ាងណាក៏ដោយ។

ឧកញ៉ា សា លាង បន្តថា បញ្ហារៀបចំផ្សារគឺបានរៀបចំបានយ៉ាងល្អប្រសើរ ហើយតូបនៅក្នុងផ្សាររាប់រយតូប មិនមានបងប្អូនអាជីវករចូលលក់នោះទេ ទោះបីខាងវិនិយោគផ្សារបានលុងរៀបចំផ្សារធំទូលាយមានអនាម័យ សណ្តាប់ធ្នាប់ ចាក់ផ្លូវបេតុងជុំវិញ មានប្រព័ន្ធលូយ៉ាងត្រឹមត្រូវប្រកបតាមស្តង់ដាក៏ដោយ។ ចំពោះការបណ្តែតបណ្តោយឲ្យក្រុមអាជីវករយកផ្លូវសាធារណៈមុខផ្សារបានលុងលក់យ៉ាងអាណាធិបតេយ្យ វាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវ និងក្រុមអាជីវករដែលក់ដូរក្នុងផ្សារផងដែរ៕