(ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់បង្កើត ក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានពិនិត្យលើសេចក្តីព្រាងច្បាប់នេះ និងបានបញ្ជូនទៅកាន់ គណៈកម្មការជំនាញ ដើម្បីពិនិត្យ មុននឹងដាក់ជូនសម័យប្រជុំរដ្ឋសភាអនុម័ត។
កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យមើលសំណើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងបញ្ជូនបន្ដទៅគណៈកម្មការជំនាញដើម្បីពិនិត្យសម្រេច ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាពិនិត្យវិញ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
*ទី១៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ
*ទី២៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ»។
គួរជម្រាបថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកែសម្រួលក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច និងបង្កើតរដ្ឋលេខាធិការដ្ឋានមួយទៀត គឺរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕