(ព្រែកប្រសព្វ-ក្រចេះ)៖ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអំណរគុណដ៏ជ្រាលជ្រៅជូនប្រជាពលរដ្ឋក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលជាការបើកផ្លូវដ៏មហោឡារិកតាមលក្ខណៈប្រជាធិបតេយ្យដល់ការបង្កើតឡើងនូវរាជរដ្ឋាភិបាលកម្ពុជាបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧។
ការថ្លែងមតិរបស់លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដោយមានការចូលរួមរបស់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្ត្រីក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ព្រមទាំងមន្ត្រីមូលដ្ឋាន សរុបមានអ្នកចូលរួមប្រមាណ ៣,៥០០នាក់។
បន្ទាប់ពីលោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វ រាយការណ៍ពីស្ថានភាពទូទៅក្នុងស្រុករួចមក លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានគូសបញ្ជាក់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសគឺគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាលដែលមានគោលដៅសំខាន់ជួយគាំពារប្រជាកសិករក្រីក្រ និងមុខសញ្ញាងាយរងគ្រោះនៅទូទាំងប្រទេស ឱ្យពុះពារជំនះបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពធន់ រក្សាប្រក្រតីភាពនៃជីវភាពសេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋគ្រប់រូបក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងពីផលវិបាកគ្រឿងញៀនដែលកំពុងចោទជាបញ្ហាប្រឈមរួមរបស់សង្គមជាតិ ដែលទាមទារត្រូវឱ្យមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ក្នុងបេសកកម្មថ្មីរបស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនគឺ កំចាត់បទឧក្រិដ្ឋកម្មគ្រឿងញៀន គាំពារអ្នករងគ្រោះ ដើម្បីអនាគតរបស់កម្ពុជា។
ចុងបញ្ចប់នៃកម្មវិធីសំណេះសំណាល លោកទេសរដ្ឋមន្រ្តី បានអំពាវនាវជម្រុញលើកទឹកចិត្តប្រជាជននៅខេត្តក្រចេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមមេត្តាចូលរួមយ៉ាងសស្រាក់សស្រាំគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនៃរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់ជាដរាបតរៀងទៅ៕