(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ាន​ ឆ្នាំ២០៤៥ ផងដែរ៕