(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះឯកឧត្តម ឌិត មុន្ទី និងឯកឧត្តម ហោ ណាំហុង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានចូលរួមលើកកម្ពស់វិស័យការទូត ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី បានចូលរួមកសាងប្រព័ន្ធច្បាប់ និងធ្វើឱ្យមានការរីក ចម្រើនជាលំដាប់លើវិស័យច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខ សង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម ឌិត មុន្ទី និងឯកឧត្តម ហោ ណាំហុង ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និង សូមសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខ សន្តិភាព ស្ថិរភាព សម្បូណ៍ សប្បាយរុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕