(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពចំនួន៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវតាមមុខនាទីភារកិច្ច។

ការណែនាំ៥ចំណុច ដែលដាក់ចេញដោយនាយឧត្តមសេនីយ៍ ស ថេត ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមមាន៖

*ទី១៖ ត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។ ក្នុងនោះ សូមសំណូមពរដល់លោក លោកស្រីទាំងអស់មេត្តា ផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ និងរវាងអង្គភាព និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។

*ទី២៖ បន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំង នគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់ សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។

*ទី៣៖ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។ ករណីមានការខ្វះខាតកងកម្លាំង ឬកងកម្លាំងណាមួយជួបការលំបាក ត្រូវធ្វើរបាយការណ៍ តាមឋានានុក្រម។

*ទី៤៖ បន្តពង្រឹងវិន័យកងកម្លាំងនគរបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តី ថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹង សមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ព្រមទាំងការពង្រឹងជំនាញបច្ចេក វិទ្យាព័ត៌មាន និង ឌីជីថល ដើម្បីលើកកម្ពស់ការថែរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។

*ទី៥៖ ពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ វិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវ មានតម្លាភាព។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យមន្ដ្រីទាំងអស់ ត្រូវរួមគ្នាការពារថែរក្សានូវសមិទ្ធផលដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបានយ៉ាងលំបាកលំបិន ក្រោមការដឹកនាំរបស់ឯកឧត្តម នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ហើយនឹងបន្តរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹង ប្រសិទ្ធភាពការងារ និងខិតខំអនុវត្តការងារនានាក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់អគ្គ ស្នងការដ្ឋាន និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឲ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។

ទន្ទឹមនេះ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ៕