(ភ្នំពេញ)៖ លោក ជូម៉ារ៉ា ស៊ូពីយ៉ាឌី ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ អញ្ជើញសំដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅបន្ទាប់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបតែចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
នាឱកាសនោះដែរ លោក ជូម៉ារ៉ា ស៊ូពីយ៉ាឌី ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានលើកឡើងចូលរួមអបអរសាទរជាមួយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលពិនិត្យឃើញលោកមានស្នាដៃល្អធ្លាប់មានបទពិសោធន៍ដឹកនាំការងារនៅខេត្តព្រះសីហនុ។ ជាពិសេសក៏បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការការងារល្អរវាងស្ថានទូតឥណ្ឌូនេស៊ី និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីកន្លងមក។
ពិសេសថែមទៀតនោះ ស្ថានទូតឥណ្ឌូនេស៊ីក៏បានកោតសរសើរឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលដែលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុធ្លាប់សហការ សម្របសម្រួលក្នុងកិច្ចការងារជួយអន្តាគមន៍ដល់អ្នកទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនឥណ្ឌូនេស៊ី ដែលមានបញ្ហាផ្សេងៗនៅក្នុងខេត្តព្រះសីហនុនឹងក៏បានជួយសម្រួលកិច្ចការងារផ្សេងទៀតផងដែរ។
លោកទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏ថ្លែងអំណរគុណដល់លោកស្នងការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីនេះក៏បានមានចំណាត់ការដ៏មានប្រសិទ្ធភាពម៉ត់ចត់ជួយដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលជាជនរងគ្រោះដោយបានរំដោះពីជនទុច្ចរិត។លោកក៏សង្ឃឹមជឿជាក់នូវកិច្ចសហប្រតិបត្តិការល្អនេះរវាងស្ថានទូតណ្ឌូនេស៊ី និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺនៅបន្តឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ប្រតិបត្តិការរវាងនគរបាលជាតិឥណ្ឌូនេស៊ី និងនគរបាលជាតិកម្ពុជាបានមានកិច្ចសហប្រតិបត្តិការយូររវាងគ្នាមកហើយ។ ប្រតិបត្តិការនេះបានធ្វើមុននគរបាលជាតិឥណ្ឌូនេស៊ី និងនគរបាលជាតិកម្ពុជាចុះOMU ក៏បានធ្លាប់យោគយល់ពីកិច្ចប្រតិបត្តិការការងារជាមួយនគរបាលជាតិកម្ពុជារួចហើយផងដែរ។ជាពិសេសនៅខេត្តព្រះសីហនុលោក ក៏ធ្លាប់ជួយសហការលើកកិច្ចប្រតិបត្តិការងារជាមួយស្ថានទូតឥណ្ឌូនេស៊ី ហើយបានដោះស្រាយបញ្ហាទទួលបានលទ្ធផលល្អជាមួយស្ថានទូតឥណ្ឌូនេស៊ី។ដូច្នេះនៅពេលខាងមុខមាន(MOU)រវាងនគរបាលជាតិឥណ្ឌូនេស៊ីនិងនគរបាលជាតិកម្ពុជាកិច្ចបង្កើនសហប្រតិបត្តិការកាន់តែជិតស្និតរវាងគ្នា។
លោក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានជម្រាបជូនដល់លោក ទីប្រឹក្សាស្ថានទូតឥណ្ឌូនេស៊ី ពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តីវ័យក្មេងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីដែលប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះនិងបានជូនពរដល់ប្រទេសឥណ្ឌូនេស៊ីទទួលបានជោគជ័យក្នុងនាមជាប្រធានបន្តវេនដឹកនាំអាស៊ាន៕