(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនគរបាលជាតិជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ។

ជំនួបនេះត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, ប្រធានសេនាធិការ, អនុប្រធានសេនាធិការ, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធាននាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានជំនាញ-មន្ទីរ, អនុប្រធាននាយកដ្ឋាន-មន្ទីរ និងនាយការិយាល័យជំនាញទាំងអស់។

គួរជម្រាបថា នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

បើមិនមានអ្វីប្រែប្រួលទេនោះ នាយឧត្តមសេនីយ៍ ស ថេត បន្ទាប់ពីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិហើយនោះ លោកនឹងចាប់ផ្ដើមចុះតាមបណ្ដាស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដើម្បីជួបជាមួយកងកម្លាំងនគរបាលជាតិ ក៏ដូចជាស្វែងយល់បន្ថែមទៀតអំពីសុខទុក្ខរបស់មន្ដ្រីក្រោមឱវាទ៕