(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជួបពិភាក្សាការងារជាមួយលោក លីវ ជានឆាវ (LIU Jianchao) មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ជំនួបធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះដែរ លោក លីវ ជានឆាវ បានថ្លែងនូវការអបអរសាទរចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានទទួលអាសនៈចំនួន៥ ក្នុងរដ្ឋសភា ក្នុងដំណើរការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដាថ្មីៗនេះ។
ជំនួបរវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងលោក លីវ ជានឆាវ ដើម្បីផ្តោតទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរ និងអនុស្សាវរីយ៍ ដែលបានបន្សល់ទុករបស់សម្តេច ព្រះបាទ នរោត្តម សីហនុ ដែលភាគីទាំងពីបានសាងរួមគ្នា ជាពិសេសគណបក្សហ្វ៊ុនស៉ិនប៉ិច ដែលជាកេរ្តិ៍ដំណែលរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលថ្លែងអំណរគុណដល់គណបក្សកុម្មុយនិស្តចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺដ៏កាចសាហាវមួយនេះ៕