(កំពង់ស្ពឺ)៖ ប្រធានសហព័ន្ធសហជីពខ្មែរ លោក ជួន មុំថុល នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមសហជីព និងកម្មករ-កម្មការិនីរបស់រោងចក្រ ហ្យូចស្កាយ៍ និងរោងចក្រ ខន់ធីញូអឹស ឡាក់គី ក្នុងខេត្តកំពង់ស្ពឺ ជាង៦០០០នាក់ ចេញតវ៉ាប្រតិកម្ម ប្រឆាំងនិងថ្កោលទោស ចំពោះលោក សម រង្សី ដែលបានស្នើឲ្យសហគមន៍អឺរ៉ុប (EU) បិទការនាំចូលផលិតផលពីកម្ពុជាដែលអាច ធ្វើឲ្យកម្មករ-កម្មការិនី នឹងទទួលការបាត់បង់ការងារ និងបាត់បង់ថវិកាទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
សកម្មភាពដ៏ក្លៀវក្លានេះ ត្រូវបានស្ដែងចេញនូវទឹកចិត្តឈឺចាប់ លាយលំជាមួយក្ដីព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត ប្រសិនបើសហគមន៍អឺរ៉ុបបិទការនាំចូលពិតមែន។ ជាមួយគ្នានេះ ពួកគាត់ក៏បានទទូតទៅសហគមន៍អឺរ៉ុបវិញថា កុំអនុវត្តតាមសំណើ របស់លោក សម រង្ស៊ី ឱ្យសោះ ព្រោះទង្វើដែលគ្មានការទទួលខុសត្រូវនេះ ប្រជាពលរដ្ឋកម្ពុជាមិនអាចទទូលយកបាននោះឡើយ៕