(ភ្នំពេញ)៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី បានថ្វាយសារថ្លែងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះទ័យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី បានថ្លែងយ៉ាងដូច្នេះថា «សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោះព្រះរាជទានត្រាស់បង្គាប់តែងតាំងទូលព្រះបង្គំជាខ្ញុំ ជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១២ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣»

ជាការតបស្នងចំពោះព្រះរាជគុណូបការៈ និងព្រះរាជហឬទ័យដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ទូលព្រះបង្គំជាខ្ញុំនឹងស្មោះស្ម័គ្រធ្វើការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញាស្មារតី បម្រើជាតិមាតុភូមិ ថែរក្សាសុខសន្តិភាព រួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿងលើគ្រប់វិស័យ និងប្តេជ្ញាការពាររាជបល្ល័ង្ក លុះអវសាន្តជីវិត។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកកម្បង់អញ្ជលីប្រណមបួងសួងចំពោះគុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាព្រះបរមវាជវាំង ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមព្រះអង្គតាមបីបាច់ថែរក្សា ប្រោះព្រំប្រទាន ព្រះរាជសព្ទសាធុការពរជ័យ និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ៕