(កំពត)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដល់សាធារណជន ជ្រាបជាព័ត៌មានថា ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានបើកទ្វារទឹក ចំនួន ០១ កម្ពស់ ០២ម៉ែត្រ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០នាទី ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែក និងមានកម្ពស់លើសពីធម្មតា។
តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែក នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់ ១៤៧.៩៥ ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់មាន ចំនួន ៧៥៨.៣ ម៉ែត្រគុប/វិនាទី៕