(ព្រះសីហនុ)៖ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានរៀបចំពិធីផ្ទេរប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នុងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សី ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ។

កម្មវិធី បានធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយមានការចូលរួម ពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។

ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ស.ស. ប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។

បន្ទាប់ពីបានធ្វើការប្រគល់ទទួល និងដឹកជញ្ជួនវត្ថុបុរាណទាំងនោះដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ លោក ប៊ុត បុប្ផា បានបញ្ជាក់បន្ថែមថា វត្ថុបុរាណ គឺជាសម្បត្ដិវប្បធម៌ ដែលត្រូវរក្សាទុក ដើម្បីយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ជាតិ។

លោកសូមអំពាវនាវដល់សាធារណជន ប្រសិនបើប្រទះឃើញវត្ថុបុរាណនានា សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្ដដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុកក្នុងសារមន្ទីរ ការជួញដូរវត្ថុបុរាណ គឺជាអំពើល្មើសច្បាប់៕